(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា ភរិយាឧកញ៉ា ថោង សារ៉ាត់ បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១២២គ្រួសារ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

អំណោយដែលចែកនាពេលនៅរួមមាន ក្នុងមួយគ្រួសារ ទទួលបានអង្ករ មួយប៊េចំណុះ ២០គីឡូក្រាម មីមួយកេស អមដោយ ថវិកាមួយចំនួន និងផ្តល់ជាអំណោយសប្បុរសធម៌ថវិកា ៧០០ដុល្លារអាមេរិក សម្រាប់ជីកអណ្តូងទឹកចំនួនពីរ ជូនដល់ ប្រជាពលរដ្ឋភូមិ ឃ្លៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងជួបការលំបាកខ្វះខាត ទឹកប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកស្រីទាវ ធីតា បានថ្លេងឲ្យដឹងថា អំណោយថ្ងៃនេះ ក៏ដូចជាអំណោយកន្លងមកដែរ គឺដើម្បីចូលរួមចំណែក តាមការអំពាវ​នាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំជាទីគោរពស្រឡាញ់​របស់ប្រជាជាតិ​ខ្មែរ ក្នុងការអនុវត្តយុទ្ធសាស្ត្រសិល្បៈ​នៃការចែករំលែកនូវទុក្ខលំបាករបស់ពលរដ្ឋក្រីក្រ ទៅតាមកំលាំងសទ្ធា ដែលអាច​ធ្វើទៅបាន។
លោកស្រីបានបន្តទៀតថា «អំណោយទាំងនេះតិចតួចមែន ពិតជាមិនអាចជួយដោះស្រាយបន្ទុក បានទាំងស្រុង​ដល់ជីវភាព បងប្អូន អ៊ុ ពូ មា មីង ដែលរស់នៅក្នុងសង្កាត់បឹងទំពន់ ក៏ដូចជាបងប្អូន អ៊ុ ពូ មាមីង ដែលរស់នៅ​ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺក្តី តែក៏អាចដោះស្រាយការលំបាក់បានមួយគ្រាដែរ»

 លោកស្រីក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាត្រៀមលក្ខណៈសម្បត្តិ ចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ នាឆ្នាំ២០១៧នេះ និងបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា។

លោកស្រី ជៀប បូរ៉ា អភិបាលរងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងនាមប្រជាពលរដ្ឋស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ ដល់លោកស្រី ដែលបានផ្តល់អំណោយសប្បុរសធម៌ នូវអណ្តូងទឹកចំនួនពីរ សម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុករបស់លោកស្រី ដែលកំពុងជួបការលំបាកខ្វះខាតទឹកប្រើប្រាស់ ប្រចាំថ្ងៃក្នុងរដូវប្រាំងនេះ។   

ជាមួយគ្នានោះដែរ លោកសួស សារិន ចៅសង្កាត់បឹងទំពន់ ជួសមុខឱ្យក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋសង្កាត់បឹងទំពន់ សូមថ្លែងអំណរគុណដល់លោកស្រី ដែលបានធ្វើសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់បឹងទំប៉ុនយើងខ្ញុំ ដែលជាអ្នកក្រីក្រ ចំនួន ១២២គ្រួសារនាពេលនេះ។

លោកចៅសង្កាត់ ក៏បានជំរាបជូន អំពីស្ថានភាពសង្កាត់បឹងទំពន់សព្វថ្ងៃនេះ សង្កាត់បឹងទំពន់មាន ២២ភូមិ មានប្រជាពលរដ្ឋ រស់នៅជាង ១ម៉ឺនគ្រួសារ ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតជាង ៣៤០០០នាក់។

លោកបានបន្តថា ការរីកចម្រើនរបស់សង្កាត់បឹងទំពន់សព្វថ្ងៃនេះដែរ ក៏អាស្រ័យដោយសារមានការចូលរួមយ៉ាងធំធេង ពីបងប្អូនប្រជាពលរដ្ឋ សប្បុរសជន ក្រុមហ៊ុននានា ដែលបានរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើឱយសង្កាត់បឹងទំពន់ ក្លាយពីផ្លូវដី មកជាផ្លូវបេតុងស្ទើរតែអស់។ ជាក់ស្តែងក្នុងចំណោមផ្លូវ ១៨៦ខ្សែរ ប្រវែងជាង ៥ម៉ឺនម៉ែត្រ ស្មើជាង៥០ គីម៉ែត្រដី ឥឡូវនេះយើងបានសម្រេចកសាងផ្លូវបេតុងស្ទើរទាំងស្រុងហើយ៕