(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ​ ព្រះ​ករុណា​ ព្រះបាទ​សម្ដេច ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ ​និងសម្ដេចម៉ែ បានយាងចាកចេញពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញវិញហើយ តាមជើងយន្ដហោះ។

សូមជំរាបថា នៅវេលាម៉ោង១៨៖២០នាទីល្ងាចថ្ងៃសៅរ៍ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងសម្ពោធការចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយ​លោកស្រី Angelina Jolie នៅខេត្តសៀមរាប។ ខ្សែភាពយន្តនេះ និយាយអំពីរឿងរ៉ាវមួយ​ចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង៩៖២០នាទីយប់ថ្ងៃសៅរ៍នេះ ការបញ្ចាំងខ្សែភាពយន្តរឿង «មុនដំបូងខ្មែរ​ក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយលោកស្រី Angelina Jolie នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ ហើយព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងត្រឡប់ទៅកាន់​ព្រះរាជដំណាក់​នៅក្រុង​សៀមរាបវិញ៕