(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យថ្ងៃទី១៩ ខែកុម្ភៈនេះ បានអញ្ជើញ​ទៅលេងកីឡាវាយកូ​​​នគោល ដែលជាកីឡាដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់សម្តេច, ពីទីលានវាយកូនគោល សម្តេចតេនាយករដ្ឋមន្ត្រី មិនភ្លេចឡើងអំពាវនាវដល់ប្រជាជនកម្ពុជា ពិសេសយុវជនចាប់យកការលេងកីឡា ដើរជៀសឲ្យ​ឆ្ងាយពីគ្រឿង​ញៀន និងអំពើពាលាអាវ៉ាសែ ដែលសង្គមស្អប់ខ្ពើម។

សម្តេចតេជោ ហ៊ុន សែន​ ចាត់ទុកថា ការលេងកីឡាមិនត្រឹមតែជួយដល់សុខភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ការលេងកីឡាក៏ចូលរួម​លើកស្ទួយវិស័យរបស់ជាតិផងដែរ។

ស​ម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «មិនឲ្យឱកាសកន្លងផុតទេនៅ ថ្ងៃសំរាកនេះ។ បាល់ទះ បាល់ទាត់ បោះប៊ូល ដែលជាកីឡាធ្លាប់លេងកាលពីក្មេង មិនអាចលេងបានទៀតទេ នៅសល់តែកីឡា​វាយកូនគោលនេះ ហើយដែលស្របជាមួយកម្លាំងខ្ញុំ។ កីឡានេះមិនទាមទារ ការប្រើកម្លាំងច្រើនពេកទេ ប៉ុន្តែទាមទារនូវការគិត ខាងបច្ចេកទេសច្រើនជាង។

ខ្យល់ពីមុខខ្យល់ពីក្រោយ ពីឆ្វេងឬពីស្តាំ សំណើមក្នុងអាកាស ស្ថានភាពដី ស្មើ ទួល ទំនាប ទឹកដើមឈើ រណ្តៅខ្សាច់។ល។ ត្រូវយកមកគិតបញ្ចូលគ្នាទាំងអស់ ទើបវាយត្រូវគោលដៅ បើប្រៀបធៀប ដូចនាយទាហ៊ានកាំភ្លើងធំមួយនាក់ដែរ។ នាឡិកាដែលខ្ញុំកំពុងពាក់នេះ ជាប្រភេទនាឡិកាដែលភ្ជាប់ពីផ្កាយរណប មកទីលានវាយកូនគោល តាមឡូនីមួយៗ​ដើម្បីវាស់ចម្ងាយ។ នាឡិកានេះ អាចវាស់បាននៅគ្រប់តារាងកូនគោលនៅកម្ពុជា និងក្នុងពិភពលោកបាន ព្រោះក្រុមហ៊ុន​នាឡិកា បានបញ្ចូលកម្មវិធីគ្រប់តារាងកូនគោល ដែលបានជួលផ្កាយរណបរួចហើយ។ ខ្ញុំកំពុងគិតថាតើ ពេលខ្ញុំមិនអាចលេង​វាយកូនគោល បានទៀត តើខ្ញុំនៅសល់អ្វីសំរាប់កំសាន្តនោះ គឺអុកដែលខ្ញុំចេះលេងតាំងពីអាយុ១៤ឆ្នាំ។

ខ្ញុំបានអំពាវនាវ ប្រជាជនពិសេស យុវជនហាត់កីឡាយ៉ាងតិចមួយ ដើម្បីសុខភាពផ្ទាល់ខ្លួនផង និងលើកស្ទួយវិស័យ​កីឡារបស់ជាតិយើងផង។ ចាប់យកកីឡា និងដើរឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៉ីសងនិងអំពើពាលាអាវាស៉ែគ្រប់ប្រភេទ»៕