(សៀមរាប)៖ រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានជំរុញឲ្យសហគមន៍ និង​អាជ្ញាធរមូលដ្ឋាន បណ្តាអង្គការ មន្ត្រីជំនាញបន្តរួមសហការគ្នា ដើមី្បធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អអេកូទេសចរណ៍តំបន់ធម្មជាតិចង្ក្រានរយ ឲ្យកាន់តែស្រស់ត្រកាល ក្នុងការទាក់ទាញដល់ភ្ញៀវជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងបង្កើននូវការងារដល់​ប្រជាពលរដ្ឋក្នុងសហគមន៍ បង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ក៏ដូចជាការកាត់បន្ថយការធ្វើចំណាក ស្រុករបស់បងប្អូន នៅក្នុងមូលដ្ឋាន។

ថ្លែងបែបនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកចូលរួមក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូថ្នាក់ជាតិ ដែលដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យសហគមព្រៃ​ឈើចង្រ្កានរយ ដែលមានផ្ទៃដីព្រៃ៩,១០៤​ហិចតា និង​ធ្វើការស្រាវជ្រាវនូវបទល្មើស ព្រមទាំងពិនិត្យពី​សក្តានុពលទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានធម្មជាតិ​ចង្រ្កានរយនេះ។

លោកស្រី ប្រធានសហគមព្រៃឈើចង្រ្កានរយ បានឲ្យដឹងថា សមាគមព្រៃឈើចង្រ្កាន​រយនេះ បានកកើតឡើងនៅឆ្នាំ២០០០ តែសកម្មភាពក្នុងការ អភិរក្សព្រៃឈើ និង​សត្វព្រៃនៅលើភ្នំចង្ក្រានរយ​នេះ មានភាពផុលផុសចាប់ពីឆ្នាំ២០១៥ និង២០១៦ តែនៅពេលដែលមានបាតុភាពកើតឡើង នៅតំបន់ព្រៃ​ចង្រ្កានរយ ដោយបានក្រុមជនខិលខូចដែលតែងតែចូលទៅលបលួចកាប់បំផ្លាញ និង​បរបាញ់សត្វព្រៃ នៅទីនោះ ហើយត្រូវបានកម្លាំងសហគមន៍ចង្រ្កានរយ បានធ្វើការចុះល្បាតជាប្រចាំ ដែលធ្វើឲ្យក្រុមជនខិលខូចទាំងនោះ បានខឹងជាមួយសហគមន៍​។

លោកស្រីបន្ថែមថា ការអភិរក្សព្រៃឈើ និង​សត្វព្រៃនៅទីនេះ ជាគោលដៅរបស់សហគមន៍ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ​ហើយក៏ជាការ​ថែរក្សាព្រៃឈើ និង​សត្វនៅទីនេះឲ្យបានគង់វង្សផងដែរ បច្ចុប្បន្ននេះសហគមន៍បានសហការជាមួយអាជ្ញាធរ ស្រុក ឃុំ នឹង​មន្ទីរជំនាញ បានធ្វើការរៀបចំផ្លូវឡើងភ្នំ​ចូលទៅទស្សនាទឹកធ្លាក់ និង​សត្វព្រៃទៀតផង​។

យ៉ាងណាមិញ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការគាំទ្រនូវគ្រប់សកម្មភាព របស់លោកស្រីប្រធានសហគមន៍ព្រៃឈើចង្រ្កានរយ និង​អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញ អង្គការតំបន់បៃតង ដែលបានរួមសហការគ្នាបានល្អ ក្នុងការអភិរក្ស ថែរក្សានូវធនធានធម្មជាតិ នៅក្នុងមូលដ្ឋានខ្លួន​។

ជាមួយគ្នានោះលោករដ្ឋមន្ដ្រី សាយ សំអាល់ ក៏បានធ្វើការណែនាំមួយចំនួន ដល់អាជ្ញាធរខេត្ត មន្ទីរ ជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកត្រូវធ្វើការទំនាក់ទំនងជាមួយ អង្គការតំបន់បៃតង ដើមី្បរៀបចំធ្វើ​សិក្ខាសាលាក្នុងគោលបំណង ធ្វើការបកស្រាយបំភ្លឺពីករណីបណ្តឹង និងការគាំទ្រសកម្មភាពរបស់សហគមន៍កន្លងមក ព្រមទាំង​ស្វែងរកថវិកាគាំទ្របន្តទៀតផង​។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កត្តាដ៏សំខាន់នោះ គឺត្រូវធ្វើការផ្សព្វផ្សាយនូវអនុក្រឹត្យ​របស់រាជរដ្ឋាភិបាល ស្តីពីសហគមន៍ព្រៃឈើ ​និង​គាំទ្ររៀបចំហេដ្ឋា រចនាសម្ព័ន្ធ កែលម្អរអេកូទេស​ចរណ៍តំបន់ធម្មជាតិ រួមទាំងធ្វើការរៀបចំនូវប្រព័ន្ធទឹក ដើមី្បធ្វើការរក្សាតំកល់ទឹកទុកនៅ សម្រាប់ប្រើប្រាស់នៅ សហគមន៍ និង​ការពារព្រៃឈើ នៅពេលមានភ្លើងព្រៃកើតមានឡើង​។​

ជាងនេះទៅទៀត ​រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បញ្ជាក់ថា ក្រសួង​នឹងធ្វើការពិនិត្យនូវលទ្ធភាពកញ្ចប់ថវិការបស់ក្រសួង ក្នុងការគាំទ្រសហគមន៍ព្រៃឈើ​ចង្រ្កានរយ ប៉ុន្ដែសហគមន៍ត្រូវធ្វើកិច្ចសហការ និង​ទំនាក់ទំនងជាមួយអង្គភាពជំនាញ​អាជ្ញាធរមូលដ្ឋាន ក្នុងការធានាបាននូវសុវត្ថិភាព សន្តិសុខ ជូនដល់ភ្ញៀវដែលបានចូល មកស្នាក់នៅ និង​ទស្សនាកម្សាន្ត នៅរមនីយដ្ឋានធម្មជាតិ​នេះ។

សូមបញ្ជាក់ថា ក្នុងការចុះធ្វើការត្រួតពិនិត្យសហគមព្រៃឈើចង្រ្កានរយ និងការស្រាវជ្រាវនូវបទល្មើស ​ព្រមទាំងពិនិត្យ​ពីសក្តានុពលទេសចរណ៍ក្នុងតំបន់ រមណីយដ្ឋានធម្មជាតិចង្រ្កានរយនេះ គណៈប្រតិភូបាន​ទៅពិនិត្យនៅ តាមទីតាំង ដែលគេបានរាយការណ៍ ពីការកាប់បំផ្លាញ ឈួសឆាយព្រៃឈើ និងការ បាចថ្នាំគីមីធ្វើឲ្យដើមឈើ​ងាប់ នៅចំណុចពើងច័ន្ទក្រហម​, ចំណុចដារហាល និងដារអិល​, ទីកន្លែងដាក់ចំណីសត្វ និងទឹកធ្លាក់ចង្រ្កាន​រយផងដែរ៕