(សៀមរាប)៖ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ​សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ អាជ្ញាធរដែនដី បានចុះពិនិត្យ ចំណីអាហារ និងផ្សព្វផ្សាយដល់អាជីករ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងពីផលប៉ះពាល់ ដែលបណ្តាលមកពីបរិភោគចំណីអាហារខូចគុណភាព ដែលមានដាក់តាំងលក់នៅផ្សារ​ក្រឡាញ់ នៅតាមផ្ទះ និងដេប៉ូចែកចាយ ស្ថិតក្នុងភូមិសាស្រ្ត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់​។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានធ្វើតេស្តទៅលើចំណីអាហារមួយចំនួន និងបានទិញសំណាកគំរូម្ហូបអាហារមួយចំនួន បញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីបន្តស្វែងរកវត្តមានសារធាតុគីមីហាមឃាត់។

​ជាមួយគ្នានោះដែរ ក្រុមការងារបានពិនិត្យរកឃើញផលិតផលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើកំណត់ហេតុ ដកហូតមករក្សាទុកដើម្បីសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ ដែលក្នុងនោះរួមមាន ទឹកក្រូចដបជ័រចម្រុះ តែកំប៉ុង ម្សៅទឹកដោះគោក្មេង ស្រាបៀរ និងភេសជ្ជៈកំប៉ុងមួយចំនួនទៀត សរុបមានទម្ងន់ ៥៥៨គីឡូក្រាម។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាបបានបន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង។

ទាំងនេះដោយមានការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននឹងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ៕