(ប្រាជីនបុរី-ថៃ)​៖ ជនជាតិខ្មែរ-ថៃ សរុប​១០នាក់ ​ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ខេត្តប្រាជីនបុរី ឃាត់ខ្លួនព្រមទាំងបានដកហូត​វត្ថុតាងមួយចំនួនធំផងដែរ បន្ទាប់ពីជនសង្ស័យទាំងអស់នេះ ​បាន​លួចចូលទៅកាប់ឈើគ្រញូងក្នុងតំបន់​ហាមឃាត់​។

​ប្រភពព័ត៌មានពីសមត្ថកិច្ចថៃ ដែលបានផ្តល់ភាគីសមត្ថកិច្ចខ្មែរ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងយោធា ​សហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើខេត្ត​ នៅល្ងាចថ្ងៃទី១៧​ ខែកុម្ភៈ ​ឆ្នាំ២០១៧នេះ ត្រង់ចំណុចតំបន់ឧទ្យានជាតិ​ថាប់ឡាន ​ស្ថិតក្នុងភូមិ៣ ​ឃុំកែងឌិនស ​ស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណី​លួចកាប់ឈើគ្រញូង ពីសំណាក់ជនជាតិខ្មែរ​ និងជនជាតិថៃ នៅក្នុងតំបន់ឧទ្យានជាតិថៃនេះ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការតាមប្រមាញ់ដើម្បីចាប់ខ្លួន ​ខណៈដែលជនសង្ស័យទាំងអស់ កំពុងជញ្ជូនឈើគ្រញូង ចុះពីតំបន់ភ្នំ ដើម្បីយកទៅឲ្យមេឈ្មួញធំ ដែលនៅពីក្រោយខ្នង គឺនៅទីបំផុតកម្លាំងជំនាញបានឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៨នាក់ ​ក្នុងនោះជនជាតិខ្មែរ​៦នាក់  និងថៃចំនួន២នាក់ ដកហូត​ឈើគ្រញូងចំនួន​៦៩​ដុំ​។

ក្រោយឃាត់ខ្លួន ពួកគេទាំងអស់​បានសារភាពថា ​កម្មករដែលចូលមកកាប់ឈើគ្រញូង នៅក្នុងឧទ្យាន ថាប់ឡាននេះសរុប​២៨នាក់ ដោយចូលតាំងពីដើម​ខែកុម្ភៈ មកម៉្លេះ ដែលនៅពេលណាកាប់ឈើបានគ្រប់ចំនួន ទើបនាំគ្នាជញ្ជូនចុះពីភ្នំ យកទៅឲ្យមេឈ្មួញធំ ​ដែលនៅទទួលចាំទិញពីពួកគេ​។

ស្របពេលជាមួយគ្នានោះដែរ មេឈ្មួញធំបានទូរស័ព្ទមកទាក់ទងដើម្បីទិញឈើគ្រញូង ទើបសមត្ថកិច្ចបានបញ្ជាឲ្យហៅមេឈ្មួញនោះ មកទទួលយកឈើ  ព្រមទាំងបានឃាត់ខ្លួនបន្ថែម ចំនួន២នាក់ទៀត ដោយនៅពេលនោះដែរ កម្លាំងបានឆែកឆេររកឃើញមានអាវុធ ខ្លួនចំនួន២ដើម ធុន៩​មីល្លីម៉ែត្រ ​ម៉ាក CF98 និងម៉ាក Berreta  និងគ្រាប់​២៨គ្រាប់ ​លុយចំនួន ១០៣,៦០០​បាត ព្រមរថយន្ត មួយគ្រឿង។

មិនត្រឹមតែប៉ុណ្ណឹង នៅលើខ្លួនជនសង្ស័យទាំង២នាក់ ​មានជាប់មកជាមួយនូវសៀវភៅបញ្ជីធនាគារ​ ដែលគេបានផ្ញើលុយទៅវិញ ទៅមក ជាមួយនឹងមេក្លោងធំដែលរកស៊ីឈើគ្រញូងជាមួយគ្នា​។ បច្ចុប្បន្នជនសង្ស័យទាំងអស់​ រួមជាមួយនឹង​វត្ថុតាង ត្រូវបាននាំយក ទៅកាន់អង្គភាពរដ្ឋបាលព្រៃឈើ ​ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ​៕