(សិង្ហបុរី)៖ ក្រុមហ៊ុន Samsung Electronics Co.,Ltd បានបង្ហាញនូវចក្ខុវិស័យ ស្តីពីការអភិវឌ្ឍន៍ផលិតផលគ្រឿង បរិក្ខាបច្ចេកវិទ្យាជំនាន់ថ្មីទំនើបៗជាច្រើនរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ «The 2017 Samsung Southeast Asia and Oceania Forum» ដែលបានប្រារព្ធធ្វើឡើង នៅប្រទេសសិង្ហបុរី។

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានការចូលរួមពីសំណាក់ អ្នកសារព័តមានជាច្រើន មកបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអូសេអានី នៅក្នុងនោះក៏កម្ពុជាផងដែរ ដែលវត្តមានក្រុមអ្នកសារព័ត៌មាន រួមមាន៖ អង្គភាពព័ត៌មាន Fresh News ទស្សនាវដ្តី ពិភពអេឡិចត្រូនិក និងស្ថានីយ៍ទូរទស្សន៍ CTN។

ផលិតផលថ្មីៗរបស់ Samsung Electronics ដែលបានបង្ហាញចេញ នៅក្នុងព្រិត្តការណ៍នោះ រួមមានដូចជា ទូរទស្សន៍ QLED TVs, ទូទឹកកកបច្ចេកវិទ្យា Family Hub 2.0 refrigerator, ម៉ាស៉ីនបោកគក់ FlexWash Laundry System, ម៉ាស៊ីនបោក​គក់-សំងួតដ៏ទំនើប Washer-dryer និងម៉ាស៉ីនសំអាតធូលីដី VR7000 POWERbot …ជាដើម ដែលផលិតផលថ្មីៗទាំងនេះ បានបង្ហាញចេញនូវលក្ខណៈកាន់តែងាយស្រួល ដល់ការរស់នៅប្រចាំថ្ងៃ នៃអ្នកប្រើប្រាស់ទាំងភាពជាឯកជន និងសម្រាប់ប្រើប្រាស់ ទៅតាមតម្រូវការជាច្រើនទៀត។

លោក Yong Sung Jeon អគ្គនាយក និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung Electronics ប្រចាំតំបន់ Southeast Asia and Oceania  បានលើកឡើងថា ក្រុមហ៊ុន Samsung Electronics មិនត្រឹមតែគិតគី រិះរកគំនិតក្នុងការច្នៃបង្កើតផលិតផលបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការទីផ្សារ នៃអ្នកប្រើប្រាស់តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែពួកយើងបានគិតគូរបង្កើតផលិតផលណា ដែលបានផ្សារភ្ជាប់មកជាមួយ នៅលក្ខណៈងាយស្រួលបំផុត សុវត្ថិភាពខ្ពស់បំផុត សម្រាប់ការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគេផងដែរ។

លោកបានបន្ថែមថា បើទោះបីជាមានបញ្ហាប្រឈមមួយចំនួន បានកើតឡើងកំឡុងឆ្នាំ២០១៦ ក៏ដោយក៏ ក្រុមហ៊ុន Samsung Electronics នៅតែបន្តបោះជំហានទៅមុខជានិច្ច ហើយយើងនឹងបន្តសម្លឹងឆ្ពោះទៅមុខជានិច្ច ជាមួយនឹងការបង្កើតនូវអ្វីដែលថ្មីៗ កាន់តែមានភាពឆ្លាតវៃនៅពេលអនាគត ដើម្បីផ្តល់ជូនដល់អតិថិជនរបស់យើង។ សម្រាប់គ្រឿងបរិក្ខាប្រើប្រាស់ក្នុងផ្ទះ ក្រុមហ៊ុន Samsung Electronics បានធ្វើការអភិវឌ្ឍន៍ចេញ នូវទូរទស្សន៍ស្តើងប្រភេទ Smart TVs ស៊េរីថ្មីបំផុត ដែលបានបំពាក់ដោយ នៅបច្ចេកវិទ្យាកញ្ចក់អេក្រង់ប្រភេទ QLED ឬហៅថា QLED TVs ដែលមានស៊េរីដូចជា Q7, Q8 និង Q9 ជាដើម។

ក្រុមហ៊ុន Samsung Electronics បានបញ្ជាក់ថា ក្រៅពីបំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ QLED ហើយ Smart TVs ស៊េរីថ្មីដ៏អស្ចារ្យនេះ ក៏បានភ្ជាប់បន្ថែមនូវបច្ចេកវិទ្យា Quantum dot ដែលបច្ចេកវិទ្យាជួយធ្វើឲ្យ ផ្ទៃកញ្ចក់អេក្រង់ បង្ហាញចេញនៅផ្ទាំងទស្សនីយ៍ភាព បានកាន់តែរស់រវើក ច្បាស់ភ្លឺថ្លា ត្រជាក់ភ្នែកជាមួយនឹងពណ៌ច្បាស់បែបធម្មជាតិពិតៗតែម្តង។ ជាងនេះទៅទៀត QLED TVs ជំនាន់ថ្មីនេះ មិនត្រឹមតែអាចបង្ហាញចេញនូវសាច់ពណ៌ និងពន្លឺនៃផ្ទៃរូបភាពវីដេអូបានច្បាស់ម៉ដ្ឋខៃ១០០% នោះទេ អេក្រង់របស់វា ក៏បានបន្ថែមនូវកម្រិតពន្លឺប្រភេទ HDR កម្រិត 1,500-2,000 ដែលធ្វើឲ្យគុណភាពរូបភាពបង្ហាញ ចេញមកកាន់តែមានគុណភាព អស្ចារ្យគ្មានគូប្រៀប។

នៅក្នុងព្រឹត្តិការណ៍ «The 2017 Samsung Southeast Asia and Oceania Forum» ក្រៅតែពីបានបង្ហាញចេញ នូវ Smart TVs ដ៏អស្ចារ្យនេះ ហើយ Samsung Electronics ក៏បានធ្វើការអភិវឌ្ឍន៍បន្ថែម លើសេវាកម្មកាន់តែឆ្លាតវៃ សម្រាប់ប្រើជាមួយទៀតផងដូចជា Samsung Smart Remote ដែលអាចទ្រទ្រង់ក្នុងការចុចបញ្ជាបានជាមួយនឹង ឧបករណ៍អេឡិចត្រូនិករបស់ Samsung ជាច្រើនទៀត ក្រៅពីទូរទស្សន៍ ហើយជាពិសេសវាអាចធ្វើការបញ្ជា ដោយការប្រើសំឡេងជំនួសឲ្យការចុចលើប៊ូតុង។

Samsung Smart View App ដែលជាសេវាកម្មមួយដ៏ពិសេសបំផុត ដែលអាចប្រើប្រាស់បានទាំង នៅលើឧបករណ៍ Android និង iOS ដែលវាអនុញ្ញតិ្តឲ្យអ្នកប្រើប្រាស់ នូវឧបករណ៍ទាំងពីរនេះ ទទួលបានបទពិសោធន៍ថ្មី ក្នុងការប្រើប្រាស់ជាមួយ Smart Hub លក្ខណៈឯកជន បានយ៉ាងត្រឹមត្រូវនៅលើ ទូរស័ព្ទរបស់ពួកគេ។

នៅថ្ងៃដដែលនោះ Samsung Electronics ក៏បានបង្ហាញចេញនូវ សមិទ្ធផលបច្ចេកវិទ្យាថ្មីៗ មួយចំនួនទៀតដូចជា ទូទឹកកក Family Hub 2.0 refrigerator ដែល បានអភិវឌ្ឍន៍ថ្មីចេញពីជំនាន់ Family Hub 1.0 ដែលក្រុមហ៊ុន បានប្រកាសចេញកាលពីឆ្នាំទៅផងដែរ។ នៅក្នុងនោះរួមមានដូចជា ប្រព័ន្ធបោកគក់ថ្មី FlexWash Laundry System, បច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ World First Wind-Free wall mounted air conditioner និង VR7000 POWERbot ដែលពួកវា ត្រូវបានក្រុមហ៊ុន Samsung Electronics បានធ្វើបទបង្ហាញម្តងរួចមកហើយ កាលពីថ្ងៃព្រឹតិ្តការណ៍ពិព័ណ៌ ផលិតផលបច្ចេកវិទ្យា (CES 2017) សហរដ្ឋអាមេរិក ហើយបច្ចេកវិទ្យាទំនើបៗ ទាំងអស់នេះ នឹងមានបំពាក់នៅ លើឧបករណ៍របស់ Samsung ដែលត្រៀមបង្ហាញខ្លួន លើទីផ្សារក្នុងពេលឆាប់ៗនាឆ្នាំ 2017 នេះ៕