(ភ្នំពេញ)៖ ក្រុមហ៊ុន ​ខ្មែរ​ ប៊ែវើរីជីស លីមីតធីត បាន​ឧបត្ថម្ភទឹកប្រាក់២៥,០០០​ដុល្លារ​ ទៅដល់លោក អេង ខេង ដើម្បីជាទៅវះកាត់ព្យាលបាលជំងឺមហារីកមាត់ នៅក្នុង​ប្រទេសអូស្រ្ដាលី តាមរយៈសមាគមចក្ខុកម្ពុជាអន្ដរជាតិ។

លោក​​វេជ្ជបណ្ឌិត​ ង៉ូវ ស្រ៊ុន​ ស្ថាបនិក​សមាគម​​ចក្ខុ​កម្ពុជា​​​អន្តរជាតិបានឲ្យ​ដឹង​​​​ថា ដោយសារ​​ជំងឺ​មហារីក​មាត់​របស់​​លោក អេង ខេង​ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ និង​ម្យ៉ាង​មិន​អាច​រក​​វេជ្ជបណ្ឌិត​ជំនាញ​​ផ្នែក​វះ​កាត់​មហារីក​បែប​នេះ ​នៅក្នុងប្រទេសបាន​​​ ទើប​​ចាំ​បាច់​ត្រូវ​បញ្ជូន​​អ្នក​ជំងឺ​រូប​នេះ ​​ទៅ​​ធ្វើ​ការ​វះ​កាត់​នៅ​ប្រទេស​អូស្រ្តាលីផ្ទាល់តែ​ម្ដង។​

​លោម អ៊ឹម​ សុធារិទ្ធ​ នាយក​​ផ្នែក​ទំនាក់​ទំនង​នៃ​ក្រុមហ៊ុន​​ ខ្មែរ​ ប៊ែវើរីជីបានថ្លែង​​ «លោក​ អេង​ ខេង​ បាន​កើត​ជំងឺ​នេះ​តាំង​ពី​តូច​ ហើយ​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​របស់​លោក​ពុំ​ដែលធ្លាប់​មាន​​​ក្ដី​​​រីករាយ​​ដូច​មនុស្ស​ទូទៅ​ឡើយ។ ដូច្នេះការ​ឧបត្ថម្ភ​​ថវិកា ដើម្បី​វះកាត់​​ព្យាបាល​ឲ្យ​លោក​មាន​មាត់​ស្អាត​ និង​រួច​ផុត​ពី​​ជំងឺ​ដ៏​សាហាវ​នេះ​​ឡើង​វិញ​ ប្រៀប​​ដូច​ជា​ផ្ដល់​ជីវិត​ថ្មី​មួយ ​ឲ្យ​រូប​លោក​​អញ្ចឹង។ នេះ​ជា​សកម្មភាព ដែល​ក្រុមហ៊ុន​ ខ្មែរ​ បែវើរីជីស​ លីមីតធីត​ តែង​ធ្វើ​​​ដើម្បីចូលរួម​​​​​​បរិច្ចាគ​​ត្រឡប់​​ទៅ​សង្គម​វិញ​តាម​តែ​​អាច​ធ្វើ​​ទៅ​​បាន»

សូមបញ្ជាក់ថា លោក​ អេង ខេង គឺជាប្រជាពលរដ្ឋក្រីក្រម្នាក់ ដែលរស់នៅភូមិ​​ខ្នុ​រ​ដំបង​ ឃុំ​ខ្នុរ​​​ដំបង​ ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់​ចាម ដែលបានកើតជម្ងឺមហារីកមាត់នេះ ​ជា​ច្រើនឆ្នាំមកហើយ។ សម្រាប់ការទៅព្យាលបាលជំងឺលោកនឹងចាកចេញ ទៅកាន់ប្រទេសអូស្រ្ដាលី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ ដោយមានបងប្អួនរួម​ដំណើរ ​ទៅមើលថែជំងឺគាត់ផងដែរ៕