(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ អំពីភាពមិនប្រក្រតីនៅបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រី​រាជការស៊ីវិល លើបញ្ហាបើកប្រាក់សោធននិវត្តជូននិវត្តជន និងគ្រួសារសពនិវត្តជន ដល់ក្រុមគ្រួសារមួយគ្រួសារនៅស្រុកឈូក ខេត្តកំពត, ភ្លាមៗបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល បានចេញមុខដោះស្រាយភ្លាមៗ និងចេញ​លិខិតបំភ្លឺសាធារណជន។

នៅក្នុងលិខិតរបស់ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «ប្រាក់សោធននិវត្តន៍របស់សពលោក ទេស សិ ដែលនៅសល់ចំនួន៣ខែ ដោយមូលហេតុរូបលោក​ខកខានបើក​ក្នុងពេល​លោកកំពុងមានជំងឺ បន្ទាប់មកលោកក៏ទទួលមរណភាព ដែលករណីនេះបេឡា​ជាតិសន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការស៊ីវិល បានរៀបចំនីតិវិធីស្នើសុំរបាយការណ៍គណនី ចរន្តពីធនាគាររួចរាល់ហើយ ដើម្បីមានមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ និងបើកផ្តល់​ជូនក្នុងពេលឆាប់ៗនេះ»

ជាមួយនោះដែរក្រោយពីមានការចេញផ្សាយតាមសារព័ត៌មាន Fresh News បេឡាជាតិសន្តិសុខសង្គម​សម្រាប់មន្ត្រីរាជការ​ស៊ីវិល បានធ្វើការទំនាក់ទំនង ផ្ទាល់ជាមួយលោក ម៉ម រីម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៦៖៥៤នាទីល្ងាច ដើម្បីបញ្ជាក់ពី​នីតិវិធីក្នុងការបើកផ្តល់ថវិកា ដែលនៅសល់ ក្នុងគណនីរបស់សពលោក ទេស សិ ដោយក្នុងនោះលោក ម៉ម រីម ដែលជាកូនប្រុសរបស់សព បានយល់ច្បាស់ពីនីតិវិធី។

ទោះបីយ៉ាងណា អង្គភាពព័ត៌មាន Fresh News រង់ចាំទទួលនិងផ្សព្វផ្សាយពីក្រុមគ្រួសារដែលមានបញ្ហាលើការបើកប្រាក់ សោធននិវត្តជូននិវត្តជន និងគ្រួសារសពនិវត្តជន តាមរយៈអ៉ីម៉ែល [email protected] ដើម្បីជាការជំរុញ​លើភាព​យឺតយ៉ាវ​របស់ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល។

សូមជំរាបថា កាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្​តឆ្នាំ២០១៧ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាទីស្តីការក្រសួង លោករដ្ឋមន្ត្រី វង សូត ក៏បាន​សម្តែងការប្រតិកម្មភ្លាមៗផងដែរ ជុំវិញបញ្ហាបើកប្រាក់សោធននិវត្តនេះ និង បានណែនាំឲ្យមន្រ្តីធ្វើយ៉ាងណា ត្រូវខិតខំបើក​ប្រាក់សោធននិវត្តជូននិវត្តជន និងគ្រួសារសពនិវត្តជនឲ្យបានទៀងទាត់ ជៀសវាងការរិះគន់ពីមន្រ្តីរាជការ និងបងប្អូន​ប្រជាពលរដ្ឋ។

ការថ្លែងប្រតិកម្ម និងណែនាំដល់មន្រ្តីបេឡាជាតិសន្តិសុខសង្គមបែបនេះ ធ្វើឡើងបន្ទាប់ពី​មានការបង្ហោះ​ជាសាធារណៈលើ​បណ្តាញ​សង្គម Facebook ដែលបានរិះគន់យ៉ាងខ្លាំងចំពោះភាពយឺតយ៉ាវក្នុងការផ្តល់សេវាប្រាក់សោធននិវត្ត និងមិនព្រម​ដោះស្រាយ​បញ្ហាដល់ក្រុមគ្រួសារ ដែលជាជនរងគ្រោះ របស់បេឡាជាតិសន្តិសុខសង្គម។

សូមបញ្ជាក់ថា ជុំវិញបញ្ហាបើកប្រាក់សោធននិវត្តជូននិវត្តជន និងគ្រួសារសពនិវត្តជននេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧​ម្សិលមិញនេះ លោក ម៉ម រីម វ័យ៤៤ឆ្នាំ មានទីលំនៅស្រុកឈូក ខេត្តកំពត ជាកូនប្រុសរបស់សព លោក ទេស សិ ដែល​ទទួលមរណភាព ក្នុងវ័យជាង៧០ឆ្នាំ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ បានថ្លែងប្រាប់ឲ្យដឹងថា ក្រសួងនៅ​ជំពាក់ប្រាក់ខែសពឪពុករបស់គាត់ចំនួន៣ខែ តាំងពីខែ៤-៥-៦ ឆ្នាំ២០១៦មកម៉្លេះ គឺមិនទាន់បានបើក ទេជិត១ឆ្នាំហើយ។

ប្រាក់ខែរបស់ឪពុកគាត់សរុប៣ខែ មានចំនួន១,០៨០,០០០រៀល បូកជាមួយប្រាក់ ឧបត្ថម្ភចូលឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន៥ម៉ឺនរៀលទៀតទាំងអស់៖ ១,១៣០,០០០រៀល។ លោកសំណូមពរឲ្យក្រសួងពាក់ព័ន្ធ ជាពិសេសបេឡាជាតិ​សន្តិសុខ​សង្គមសម្រាប់ មន្ត្រីរាជការស៊ីវិល មេត្តាជួយឆាប់បើក ប្រាក់ជូនគាត់ផង ព្រោះពេលនេះក្រុមគ្រួសារគាត់កំពុងខ្វះខាត។

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានចេញសេចក្តីជូនដំណឹងថា ករណីលោក ម៉ម រីម នេះមានការយល់ច្រឡំ​ នឹងរៀបចំបើកជូនក្នុងពេលឆាប់ៗតាមរយៈធនាគារអេស៊ីលីដា៕