(ភ្នំពេញ)៖ បុរសម្នាក់ដែលគេស្គាល់ថា មន្ត្រីយោធាម្នាក់ បានរងរបួសបាក់ដៃ ខណៈបើករថយន្ត Lexus470 ពាក់ស្លាកលេខភ្នំពេញ 2I-9990 ទៅបុកទ្រូងផ្លូវបាក់ជាច្រើនកង់ នៅតាមផ្លូវគឹមអ៉ីលស៊ុង ជិតវិទ្យាស្ថានសុខភាពសាធារណៈ នាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាខាងលើនោះ គេបានឃើញរថយន្ត Lexus ដែលបើកដោយនាយទាហានម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកជាមួយទ្រូងផ្លូវ យ៉ាងពេញទំហឹងដែលបណ្តាលឱ្យ នាយទាហានរូបនោះរបួសបាក់ដៃ ទ្រូងផ្លូវបាក់ជាច្រើនកង់។ ចំណែករថយន្តខូចខាតផ្នែកខាង មុខស្ទើរទាំងស្រុង។

បន្ទាប់មកនាយទាហានរូបនោះ ត្រូវបានកូនចៅ ចុះមកជួយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែករថយន្ត ត្រូវបាននគរបាលចរាចរណ៍ ស្ទួចយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕