(ភ្នំពេញ)៖ តំណាងឲ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា តំណាងទីក្រុងយូលីន នៃខេត្តសាងស៊ី សាធារណរដ្ឋប្រជាមានិតចិន បានសន្យាជួយផ្សព្វផ្សាយពី សក្ដានុពលទេសចរណ៍របស់កម្ពុជា ដើម្បីជំរុញទេសចរចិនក្នុងខេត្តដ៏ធំនេះ ក៏ដូចជាភ្ញៀវទេសចរនៅខេត្តដទៃទៀត មកទស្សនាកម្ពុជាកាន់តែច្រើន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក ចាង ចឺហួយ អភិបាលរងក្រុងយូលីន នៃខេត្តសាងស៊ី លោករដ្ឋលេខាធិការ ទិត ចន្ថា បានបញ្ជាក់ថា «ភាគីចិន បានសន្យាជួយផ្សព្វផ្សាយពី សក្ដានុពលទេសចរណ៍កម្ពុជា ដើម្បីជំរុញទេសចរចិនក្នុងខេត្តនេះ ទេសចរនៅក្នុងទីក្រុងយូលីន បានមកទស្សនាកម្ពុជាឲ្យបានច្រើន តាមដែលអាចធ្វើបាន»។

លោក ទិត ចន្ថា បានបន្តថា ភ្ញៀវទេសចរនៅក្នុងខេត្តសាងស៊ី ពិសេសក្នុងទីក្រុងយូលីន មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានបំណងចង់មកទស្សនាកម្ពុជា ដោយសារពួកគាត់បានទទួលដំណឹងថា កម្ពុជាសម្បូរតំបន់ទេសចរណ៍ច្រើន កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោក ចាង ចឺហួយ ក៏បានបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ថា ពួកគាត់បានមើលឃើញ​ពីការរីកចម្រើន​របស់​កម្ពុជា ពិសេសបានមើលឃើញថា កម្ពុជាមានតំបន់ទេសចរណ៍ប្លែកៗ និងច្រើនសម្បូរបែបគួរជាទីគយគន់ ដូច្នេះពួកគាត់​មាន​បំណងចង់នាំយកអារម្មណ៍ដ៏ពិសេសទាំងនេះ ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរចិន នៅប្រទេសចិនផងដែរ។

លោករដ្ឋលេខាធិការបានបន្ថែមថា ប្រជាជនក្នុងខេត្តសាងស៊ី មានជាង៣៨លាននាក់ ដែលទីផ្សារទេសចរដ៏ល្អ។ ក្នុងជំនួបនេះ ប្រតិភូចិនបានសន្យាជាមួយលោករដ្ឋមន្រ្តី ថោង ខុន ថា «នឹងជួយផ្សព្វផ្សាយព័ត៌មានល្អៗ ទាក់ទងនឹងវិស័យទេសចរណ៍កកម្ពុជា ទៅកាន់ប្រជាជនចិនរបស់គាត់ ហើយនិងជំរុញចិន ពិសេសទេសចរនៅក្នុងទីក្រុងយូលីនរបស់គាត់ បានមកទស្សនាកម្ពុជាឲ្យបានច្រើន តាមដែលអាចធ្វើបាន»។

ខាងប្រតិភូចិនក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន ដើម្បីឈានទៅដល់ការសិក្សា និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះឲ្យបានច្រើន សំដៅបង្កើនការទាក់ទាញកំណើនភ្ញៀវទេសចរ ពីគ្នាទៅវិញទៅមក ក៏ដូចជាជំរុញឲ្យមានការវិនិយោគនៅកម្ពុជា ឲ្យបានច្រើនផងដែរ។

សូម​ជម្រាប​ថា​ ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា​ នៅ​ឆ្នាំ​២០១៦​ មានចំនួន ៨៣០​,០០០នាក់ កើន​ឡើង​ ១៩.៥ភាគរយ៕