(ស្វាយរៀង)៖ ក្រោមអធិបតីភាព លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម​ ការផ្សព្វផ្សាយពីគោលនយោបាយរបបថែទាំសុខភាព ត្រូវបានពន្យល់យ៉ាងទូលំទូលាយដល់កម្មករ-កម្មការិនី នៅក្រុងបាវិត អំពីការទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងការចូលជាសមាជិក ប.ស.ស។

ការចុះសំណេះសំណាល និងផ្សព្វផ្សាយពី គោលនយោបាយរបបថែទាំសុខភាពដល់កម្មករនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងរោងចក្រ NISSEY (Cambodia) Co., Ltd ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

លោក សេង សក្តា បានបញ្ជាក់ថា «ប.ស.ស មានបេសកកម្ម ៣ចំណុច រួមមាន ផ្តល់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ ផ្តល់របបថែទាំសុខភាព និងផ្តល់របបប្រាក់សោធន»

នៅពេលកម្មករ-កម្មការិនី រងគ្រោះថ្នាក់ការងារ ប.ស.ស នឹងផ្តល់ថ្លៃដឹកជញ្ជូនជនរងគ្រោះ ផ្តល់ជូនថ្លៃសង្គ្រោះបន្ទាន់ ផ្តល់ថ្លៃព្យាបាលរហូតដល់ជាសះស្បើយ ផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ ផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកចាំថែរក្សា ផ្តល់ប្រាក់បាត់បង់សមត្ថភាពបណ្តោះអាសន្ន ផ្តល់ប្រាក់បាត់បង់សមត្ថភាពអចិន្ត្រៃយ៍ ផ្តល់ឧបករណ៍រណបសិប្បនិម្មិត (ដៃជើងសិប្បនិម្មិត ឈើច្រត រទេះរុញ...) ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ផ្តល់ប្រាក់វិភាជន៍បូជាសព ផ្តល់ប្រាក់ឧបត្ថម្ភដល់ប្តី ឬប្រពន្ធ ឬកូន និងជនចាស់ជរានៅក្នុងបន្ទុក។

ជាមួយគ្នានេះ ប.ស.ស បាននឹងកំពុងផ្តល់នៅគោលរបបថែទាំសុខភាពដល់កម្មករ-កម្មការិនី អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស។ គោលរបបថែទាំសុខភាព រួមមាន ការពិគ្រោះជំងឺក្រៅ ការសម្រាកពេទ្យ សង្គ្រោះបន្ទាន់ ព្យាបាលដោយស្អំ ឬដោយចលនា សម្រាលកូន និងការព្យាបាលថែទាំមុន និងក្រោយសម្រាល ទទួលបានប្រាក់ឧបត្ថម្ភកំឡុងពេលសម្រាកព្យាបាល សេវាបញ្ជូនអ្នកជំងឺ ឬបញ្ជូនសព និងសេវាបង្ការសុខភាពជាដើម។

ទន្ទឹមនឹងការផ្តល់ជូនខាងលើ កម្មករ-កម្មការិនី នឹងទទួលបានប្រាក់សោធននិវត្តន៍ ដែលនឹងដាក់ឱ្យដំណើរអនុវត្តរបបនេះ នៅឆ្នាំ២០១៧ ខាងមុខនេះ។

លោក សេង សក្តា ក៏បានផ្តាំផ្ញើដល់អ្នកបើកបរដឹកកម្មករ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដោយស្មារតី​ទទួលខុសត្រូវខ្ពស់ ព្រោះបញ្ហានេះ ជាកង្វល់មួយដ៏ធំរបស់រាជរដ្ឋាភិបាល និងជាបន្ទុកសង្គមដ៏ធ្ងន់ធ្ងរផងដែរ។ កម្មករ-កម្មការិនី ទោះធ្វើដំណើរទៅទីជិត ឬទីឆ្ងាយ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ត្រូវប្រកាន់ស្តាំ ត្រួតពិនិត្យបច្ចេក​ទេសយានយន្ត​មុនពេលបើកបរ និងប្រុងប្រយ័ត្នជានិច្ច ជៀសវាងការបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពល​គ្រឿងស្រវឹង បើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងក្នុងស្ថានភាពងងុយដេកជាដាច់ខាត៕