(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកថា ការប្តឹង លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ពេលនេះគឺជាវិធានការក្នុង ប្រទេសប្រជាធិបតេយ្យ ដើម្បីទប់ទល់នឹង ការបន្ទាបបន្ថោកមកលើគណបក្សមួយ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងលើបណ្តាញសង្គម Facebook របស់លោកយ៉ាងដូច្នេះថា «មានមិត្តភក្តិខ្លះឱ្យយោបល់ថា មិនគួរប្តឹងលោក គឹម សុខ ទេ ទុកឱ្យគាត់និយាយពុលទឹកមាត់តែខ្លួនឯងទៅ។ នេះជាគំនិតមួយ តែមិនអាចអនុវត្តបាននៅក្នុងសង្គមប្រជាធិបតេយ្យបានទេ នៅពេលដែលគណបក្សមួយ រងការចោទប្រកាន់ធ្ងន់ធ្ងរ ដូចជាអំពើឃាតកម្មនេះជាដើម ព្រោះសង្គមប្រជាធិបតេយ្យត្រូវការបេះដូង និងខួរក្បាលរបស់អ្នកបោះឆ្នោត»

លោកបានបន្ថែមថា «បើគេបណ្តុះការសង្ស័យ បើគេប្រើមធ្យោបាយទុច្ចរិត ដើម្បីបន្ទាបបន្ថោកបក្សណាមួយ បើបក្សនោះមិនបង្ហាញថា រឿងដែលកើតមានឡើង គឺអ្នកណាត្រូវ អ្នកណាខុសទេនោះ មិនមានន័យថា បក្សនោះលុតជង្គង់ប្រគល់អំណាចដាក់លើពានមាស ទៅអ្នកបង្ករឿងនោះទៅហើយ?»

ការអះអាងរបស់ លោក ខៀវ កាញារីទ្ធ បានធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីតុលាការបានសម្រេចឃុំខ្លួន លោក គឹម សុខ ដាក់ពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមការចោទប្រកាន់ពី ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ»។

លោក គឹម សុខ ត្រូវបានប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីលោកចោទគណបក្សប្រជាជនកម្ពុជាថាជាអ្នកសម្លាប់ លោកបណ្ឌិត កែម ឡី និងចោទរាជរដ្ឋាភិបាលមួយ ថារៀបចំប្រព័ន្ធសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕

សូមស្តាប់ការចោទប្រកាន់របស់លោក គឹម សុខ ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា៖