(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង នៅភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បណ្ដាលឲ្យឆាបឆេះទ្រព្យសម្បត្តិអស់មួយចំនួនធំ ចំណែកមនុស្សមិនមានអ្នករងរបួសឡើយ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះ ដោយសារតែម្ចាស់ផ្ទះខ្វះការប្រុងប្រយ័ត្ន។ ផ្ទះទី១ ម្ចាស់ឈ្មោះ ភឿង ពេញ ផ្ទះមួយខ្នងនេះ រងការខូចខាតទាំងស្រុង ឆេះអស់គោយន្ដ១គ្រឿង ម៉ូតូ២គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។ ផ្ទះទី២ ម្ចាស់ឈ្មោះ ម៉ៅ គឹមរ៉ុង ក៏ឆេះអស់ដែរ។

មន្រ្តីដដែលបានបន្តថា ដោយសារស្ថានភាពផ្លូវតូចចង្អៀតខ្លាំង ណាមួយទីតាំងឆ្ងាយ ជាពិសេសផ្ទះ២ខ្នងនេះ ប្រក់ស្បូវទៀត ជាហេតុនាំឲ្យងាយឆេះភ្លើង៕