(ភ្នំពេញ)៖ វាគ្មិនបច្ចេកទេសច្បាប់ចំនួន២១រូប នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានចូលរួមផ្ដល់បទពិសោធន៍ ចំណេះដឹងផ្នែក ច្បាប់ដល់និស្សិតច្បាប់ចំនួន៣០០នាក់ ដើម្បីបន្ថែមនូវវិសាលភាពនៃអាជីព គន្លឹះនៃភាពជោគជ័យនៃការងារ ដែលកម្មវិធីនេះធ្វើឡើង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។

ការផ្ដល់បទពិសោធន៍របស់វាគ្មិននេះធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «អនាគតអាជីពសម្រាប់និស្សិតច្បាប់» ដោយមានការ ចូលរួមក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លី ច័ន្ទតុលា ស្ថាបនិកនៃក្រុមហ៊ុនមេធាវី  វាគ្មិនជាច្រើនរូប លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ការរៀបចំសិក្ខាសាលានេះធ្វើឡើងដើម្បីបង្ហាញពីវិសាលភាពអាជីព និងប្រភេទនៃការងារផ្សេងៗ សម្រាប់និស្សិតដែលកំពុងសិក្សា ជំនាញច្បាប់យល់ដឹងពីគន្លឹះតិចនិច ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ នៃការងារ និងអាជីពនាថ្ងៃអនាគត។

លោក ហ៊ុន ម៉ានី បានឲ្យដឹងថា សម្រាប់ការផ្ដល់បទពិសោធន៍ដល់និស្សិតថ្ងៃនេះមានអត្ថប្រយោជន៍ ដើម្បីឆ្លុះបញ្ជាំងពីកាវិវត្តន៍ ឆ្លងកាត់របស់អតីតនិស្សិត នៅក្នុងសាលាច្បាប់នេះផ្ដល់ទៅដល់ប្អូនៗជំនាន់ក្រោយ ហើយនេះពិតជាមានសារសំខាន់ណាស់ ព្រោះនិស្សិតបានទទួលចំណេះដឹងជោគជ័យពីបគ្គុលដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ។ លោកថ្លែងថា «និស្សិតគួរ តែមានភាពជឿជាក់លើខ្លួនឯងឲ្យបានច្រើន ហ៊ានសួរសំណួរ និងខិតខំប្រឹងប្រែង រៀនសូត្រឲ្យបានកាន់តែច្រើន ដើម្បីបង្កើន ចំណេះដឹង នឹងមានភាពងាយស្រួលក្នុងការឈានទៅរកភាពជោគជ័យ»

ជាមួយគ្នានោះ លោក លី ច័ន្ទតុលា បានឲ្យដឹងថា មកដល់ពេលនេះឃើញថា សាកលវិទ្យាល័យបានបណ្ដុះបណ្ដាល អ្នកច្បាប់បានច្រើន ប៉ុន្ដែបច្ចុប្បន្នឃើញថាមានចំនួនមេធាវី ចៅក្រម ឬព្រះរាជអាជ្ញាមិនទាន់គ្រប់គ្រាន់នៅឡើយ។ លោកបន្តថា «បច្ចុប្បន្ននេះមានការខ្វះខាតអ្នកច្បាប់ច្រើន ជាពិសេសក្នុងបរិបទ មួយដែលរាជរដ្ឋាភិបាលគាត់កំពុងតែពង្រឹង ការគោរពច្បាប់ ក៏ដូចជាការគោរពនូវគោលការណ៍នានារបស់រដ្ឋ ហើយនៅពេលដែលគោលការណ៍នេះត្រូវបានគោរព ពេញលេញ នោះតម្រូវការអ្នកច្បាប់នឹងមានច្រើនឡើងៗ»

ភាពជោគជ័យនៃការងារ និងអាជីពអាចសម្រេចទៅបានអាស្រ័យទៅលើកកត្តាមួយគឺកត្តាប្រកាន់យកនូវឥរិយាបថដែលត្រឹមត្រូវ រួមមានគោលដៅ និងស្រលាញ់គោដៅរបស់ខ្លួន ការខិតខំប្រឹងប្រែងព្យាយាម ទាំងពេលនៅជានិស្សិត និងពេលមានការងារធ្វើ កត្តាគ្រួសារ កត្តាសេដ្ឋកិច្ច ជាកត្តាបន្ទាប់បន្សំ ការអានសៀវភៅ ដោយស្វែងយល់ដោយខ្លួនឯងដោយការរៀនពីគ្រូឬការហ្វឹកហាត់ បន្ថែម កត្តាចុងក្រោយគឺជាកត្តាចេះចាយពេលវេលា ប្រកបដោយប្រសិទ្ធិភាព។

លោក លី ច័ន្ទតុលា បានបន្ថែមថា «និស្សិតដែលឆ្លងកាត់ការសិក្សាមុខវិជ្ជាច្បាប់នេះមានចំនួនតិចណាស់ដែលមានបញ្ហាវិជ្ជាជីវៈ ការគោរពវិជ្ជាជីវៈមាន លក្ខណៈល្អក្នុងប្រទេសកម្ពុជា។ កន្លងមកមាននិស្សិតទទួលបានជោគជ័យច្រើនពីសំណាក់អ្នកដែលបាន សិក្សាផ្នែកច្បាប់នេះ ក្នុងនោះដែរយើងក៏មានគោលការណ៍គ្រឹះមួយចំនួន ដើម្បីឲ្យនិស្សិតគួរតែប្រកាន់ យកហើយនេះគឺជាអ្វីដែលខ្ញុំ ចង់ប្រាប់ទៅកូនសិស្ស នៅពេលដែលកំពុងសិក្សាឲ្យខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព កុំចំណាយពេលចោលដោយឥតប្រយោជន៍  ត្រូវចុះអនុវត្តន៍ឲ្យបានច្រើនទៅលើមុខជំនាញរបស់ខ្លួន ដើម្បីបង្កើនចំណេះដឹងកាន់តែច្រើនឡើងៗ »

សម្រាប់សិក្ខាសាលាថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់ ពីវាគ្មិនចំនួន២១រូបសុទ្ធតែជាអ្នកជោគជ័យក្នុងវិស័យច្បាប់ មានវាគ្មិនខ្លះមានតួនាទីជា សមាជិករាជរដ្ឋាភិបាល ក្នុងវិស័យសាធារណៈ និងវាគ្មិនខ្លះទៀតមកពីវិស័យតុលាការ៕