(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការ ដឹកនាំកងកម្លាំងសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់បំផ្លញព្រៃឈើ នៅដែនជំរកព្រៃព្រះរការ​ ស្ថិតក្នុងភូមិបុស្សធំ​ ឃុំប្រមេរុ​ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅក្នុងយុទ្ធនាការនេះក៏មានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទខេត្ត​ ព្រមទាំងអាជ្ញាធរស្រុកត្បែងមានជ័យផងដែរ។

នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ខណៈកំពុងដឹកនាំក្រុមកាងារចំរុះ ចុះពិនិត្យតាមភូមិសាស្ត្រនានា ក្នុងព្រៃដែនការពារព្រះរការ​ ស្រាប់តែប្រទះឃើញគំនរឈើអារ ដែលបានបានរក្សាទុកត្រៀមដឹកជញ្ជូនចេញចំនួន២គំនរ ដែលសុទ្ធតែប្រភេទឈើលេខ២​ មានចំនួនប្រហែល២០ម៉ែត្រគូប។

លោកអភិបាលខេត្ត បានឲ្យមន្ត្រីជំនាញដឹកជញ្ជូនយកទៅរក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការតាមច្បាប់។ លោក អ៊ុន ចាន់ដា ក៏បានជំរុញឲ្យអាជ្ញាធ​ដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះពិនិត្យមើលជាប្រចាំ នៅដែនព្រៃព្រះរកានេះ ដើម្បីកុំឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ជាបន្តទៅទៀត​។

លោកអភិបាលខេត្ត បានជំរុញឲ្យសមត្ថកិច្ចមូលដ្ឋាន ត្រូវចុះពិនិត្យមើលចំពោះពលរដ្ឋមួយចំនួន ដែលគ្មានលិខិតបញ្ជាក់ការស្នាក់នៅពិតប្រាកដ​ គឺគាត់មកធ្វើសកម្មភាពកាប់ឈើ​ខុសច្បាប់ ត្រូវឲ្យគាត់ផ្តិតមេដៃបញ្ឈប់ចាប់ពីថ្ងៃនេះតទៅ៕