(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់បទបញ្ជាជាកំហិត ដល់កងកម្លាំងយោធាទាំងអស់ ត្រូវចូលរួមឲ្យបានខ្លាំងក្លា ជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ធ្វើយ៉ាងណាឲ្យសង្គមខ្មែរ ក្លាយជាសង្គមដែលគ្មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ការថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺននាយទាហានសកម្ម ជំនាន់ទី១៧ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ អគ្គមេបញ្ជាការ បានថ្លែងថា «កងយោធពលខេមរភូមិន្ទ ត្រូវចូលរួមឲ្យបានខ្លាំងក្លាជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅទូទាំងប្រទេស ធ្វើយ៉ាងណាឲ្យសង្គមខ្មែរ ក្លាយជាសង្គមដែលគ្មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន»។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានប្រសិទ្ធិនាមដល់នាយទាហានសកម្ម ជំនាន់ទី១៧ ថាជា «ជំនាន់តេជោសន្តិភាព»។

ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រ្តា នាយរងសេនាធិការចម្រុះ និងនាយកសាលានាយទាហានសកម្ម បានឲ្យដឹងថា ឆ្លងកាត់សកម្មភាពក្នុងការហ្វឹកហ្វឺន រយៈពេល៤ឆ្នាំ កន្លងមក កម្មសិក្សាការីបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ លើមុខជំនាញចំណេះដឹងយោធាចំនួន ៤៣៩ថ្ងៃ ជំនាញវប្បធម៌ទូទៅចំនួន ៣៧៣ថ្ងៃ ចុះអនុវត្តជាក់ស្តែង៣១ថ្ងៃ និងសកម្មភាពការងារផ្សេងៗចំនួន ៤៧ថ្ងៃ ដោយបានស្រាវជ្រាវសរសេរសារណា និងបានប្រឡងបញ្ចប់វគ្គ ប្រកបដោយជោគជ័យ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ មានចំនួន ១១២នាក់ ស្រី១៨នាក់ ដោយទទួលបានលទ្ធផល និទ្ទេសល្អម្នាក់ និទ្ទេសល្អបង្គួរ ៦៤នាក់ និទ្ទេសមធ្យម៤៧នាក់។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសាលានាយទាហានសកម្ម ដែលបានសហការល្អជាមួយទីចាត់ការហ្វឹកហ្វឺន ក្រសួងអប់រំយុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត បា្រជ្ញាស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំកម្មវិធីសិក្សា តាមខ្លឹមសារមេរៀន ការដឹកនាំគ្រប់គ្រង និងបានសហការល្អ ក្នុងការកែលម្អជាដំណាក់ៗ នូវកម្មវិធីសិក្សារហូតធ្វើឱ្យវគ្គសិក្សានេះ អាចដំណើរការបានដោយជោគជ័យតាមផែនការកំណត់។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានផ្តាំឲ្យសិក្ខាកាមទាំងអស់ ត្រូវស្មោះត្រង់ចំពោះជាតិ លើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់ នូវលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ដែលបានប្រគល់ជូន។ ត្រូវចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានរឹងមាំ ដើម្បីទទួលបានឱកាសល្អ កាន់តែច្រើនថែមទៀត ក្នុងការកសាងជីវិតរស់នៅ ឱ្យកាន់តែប្រសើរឡើង និងមានសុភមង្គល។

នាយឧត្តមសេនីយ៍ បានបន្ថែមថា កងយោធពលខេមរភូមិន្ទ ត្រូវបន្តការសិក្សារៀនសូត្រតាមគ្រប់រូបភាព ដូចជា តាមប្រព័ន្ធ Internet ជាដើម មានន័យថា «រៀនហើយរៀនទៀត រៀនគ្មានទីបញ្ចប់ រៀនដើម្បីចេះ មិនមែនរៀនដើម្បីចប់» និងមានសេចក្តីអំណត់តស៊ូខិតខំប្រឹងប្រែងមិនរាថយ ដើម្បីសម្រេចបានបំណងប្រាថ្នារបស់ខ្លួន។ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រតម្រង់ទិស និងគោលដៅមួយ ឱ្យបានច្បាស់លាស់ សំដៅទទួលបានជោគជ័យ ក្នុងវិថីជីវិត។

ត្រូវយកចំណេះដឹង ដែលបានសិក្សា និងការចុះដកបទពិសោធន៍កន្លងមក ប្រែក្លាយទៅការអនុវត្តជាក់ស្ដែង និងត្រូវចេះចាប់យកចំណុចគន្លឹះសំខាន់ៗ ដែលរៀមច្បងអនុវត្តបានជោគជ័យក្នុងការងារ យកមកអនុវត្តក្នុងការបំពេញភារកិច្ចផ្ទាល់ខ្លួន ចេះសិក្សាការងារពីអ្នកជិតខាងខ្លួន បន្តការស្រាវជ្រាវបន្ថែម រៀនផង ធ្វើការផង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យបានជោគជ័យ ក្នុងអាជីពជាកងទ័ព។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាឲ្យមេបញ្ជាការ មេបញ្ជាការរង យោធាចារ្យ និងគ្រូគ្រប់គ្រងទាំងអស់ ត្រូវពង្រឹងគរុកោសល្យ អប់រំចិត្តសាស្ត្រ យកចិត្តទុកដាក់បង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញឯកទេសយោធា ជូនដល់សិក្ខាម ឱ្យទទួលបានលទ្ធផលល្អ។ ត្រូវយកចិត្តទុកដាក់ស្រាវជា្រវបន្ថែម ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន ស្របតាមការវិវឌ្ឍន៍ នៃសភាពការណ៍ និងការវិវឌ្ឍន៍នៃបច្ចេកវិទ្យានៅលើពិភពលោក។

ចំណែកសាលាយោធា ត្រូវបន្តសហការជាមួយទីចាត់ការហ្វឹកហ្វឺន និងបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឯកសារ និងកម្មវិធីហ្វឹកហ្វឺនឱ្យកាន់តែល្អ សំដៅបង្កើនគុណភាពហ្វឹកហ្វឺន និងខិតខំបណ្តុះបណ្តាលយោធាចារ្យវ័យក្មេង រៀបចំកម្រិតថ្នាក់យោធាចារ្យ ឱ្យសមមូលទៅនឹងប្រព័ន្ធអប់រំជាតិ ធ្វើការសិក្សារៀបចំបញ្ចូលផ្នែកចំណេះដឹងទូទៅ (ព័ត៌មានវិទ្យា Internet និងបច្ចេកវិទ្យាថ្មីៗ)។

គ្រប់សាលាត្រូវឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពគ្នា ប្រកបដោយឆន្ទៈជំនាញវិជ្ជាជីវៈ ចូលរួមគ្រប់សកម្មភាព និងរក្សាតម្លៃកេរ្តិ៍ឈ្មោះ​ ឱ្យបានល្អ ដើម្បីអភិវឌ្ឍន៍សាលានាយទាហានសកម្ម ឱ្យកាន់តែល្អប្រសើរថែមទៀត៕