(សៀមរាប)៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «សេចក្ដីព្រាងផែន ការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍កីឡា ឆ្នាំ២០១៧-២០២៣» ក្រោមអធិបតីភាពលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាមួយប្រតិបត្តិករទេសចរណ៍ និងអាជ្ញាធរ ស្ថាប័ន អង្គភាព វិស័យឯកជន ដែលមានអ្នកចូលរួមជាង១០០នាក់ នៅសណ្ឋាគារអង្គរសិនជូរី ក្រុងសៀមរាប ។

លោកអនុរដ្ឋលេខាធិការ ក៏ដូចជាវាគ្មិន បានថ្លែងឲ្យដឹងថា ផ្ដើមចេញពីយុទ្ធសាស្ត្រ ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលសុខសន្តិភាពពេញបរិបូរណ៍ ការបង្រួបបង្រួមជាតិ ស្ថេរភាពនយោបាយ សន្តិសុខ និងសុវត្តិភាពពេញផ្ទៃប្រទេស ដែលជាកត្តាមូលដ្ឋាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ដោយកត្តានេះហើយ ទើបវិស័យទេសចរណ៍កម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង។

ទិសដៅជាយុទ្ធសាស្ត្រ អភិវឌ្ឍកីឡាទេសចរណ៍២០១៧-២០២៣ គឺជាចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង​គុណភាពសេវាកម្មទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្ស លើវិស័យទេសចរណ៍, ការអភិវឌ្ឍផលិតផលទេសចរណ៍កីឡា និងការផ្សព្វផ្សាយ, ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យទេសចរណ៍, ការតភ្ជាប់និងសម្រួល ការធ្វើដំណើរដឹកជញ្ជូនទេសចរណ៍ និងពង្រឹងនូវយន្ដការគ្រប់គ្រងទេសចរណ៍កីឡា៕