(ភ្នំពេញ)៖ ក្នុងជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ភាគីកម្ពុជាបានស្នើទៅរដ្ឋាភិបាលកាណាដា ជួយគាំទ្រជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សកម្មភាពបោសសម្អាតមីនជាច្រើនទៀត ដែលសុទ្ធសឹងតែជាសំណល់សង្គ្រាម។

ថ្លែងក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នាទីស្តីការក្រសួងការបរទេស លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានខិតខំបោសសម្អាតមីន ចេញពីផ្ទៃដីបានជាច្រើនហិកតា។ លោកថ្លែងថា៖ «ថ្វីត្បិតតែទទួលបានសមិទ្ធផល​ធំធេងជាបន្តបន្ទាប់ ក៏ពិតមែន ប៉ុន្តែកម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាកង្វះខាតផ្នែកហិរញ្ញវត្ថុ ជាបន្តបន្ទាប់ផងដែរ»

បញ្ហាទាំងនេះ ត្រូវបានលោកទេសរដ្ឋមន្រ្តី បានស្នើទៅរដ្ឋាភិបាលកាណាដា តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត Donica Pottie ជួយជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីន នៅកម្ពុជាបន្តទៀត។

ជាការឆ្លើយតប លោកស្រី Donica Pottie បានសន្យាថា លោកស្រីនឹងលើកយកសំណើនេះ ដាក់ជូនរដ្ឋាភិបាលកាណាដារបស់លោកស្រី ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពជាមួយកម្ពុជា ឲ្យប្រសើរឡើងថែមទៀត។

លោកស្រី Donica Pottie បានស្នើមកកម្ពុជាវិញដែរ នូវការជួយគាំទ្រចំពោះវត្តមានចូលរួមរបស់ប្រទេសកាណាដា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ នៅប្រទេសហ្វីលីពីន ដោយប្រទេសកាណាដា ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះ ក្នុងឋានៈជាភ្ញៀវរបស់ប្រទេសម្ចាស់ផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានសុំការគាំទ្រពីភាគីកម្ពុជា ចំពោះបេក្ខភាពរបស់កាណាដា ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាភិបាលសន្តិសុខ អង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២០-២០២១៕