(ភ្នំពេញ)៖ នៅវេលាម៉ោង១១៖០៣នាទីថ្ងៃទី១៧ ខែកុម្ភៈនេះ លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ បានចូលបំភ្លឺនៅតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន តាមរយៈ លោក គី តិច មេធាវីរបស់សម្តេច បានដាក់ពាក្យប្តឹង លោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារពីលោក គឹម សុខ។

លោក គឹ​ម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ដោយមេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន ចំពោះករណីដែលលោក បានចោទរាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សហើយរកមុខឃាតកមិនឃើញ។ កាលពីម្សិលមិញលោក គឹម សុខ ក៏បានស្នើសុំពន្យារពេលចូលបំភ្លឺ ចំពោះករណីនេះផងដែរ ប៉ុន្តែត្រូវបាន លោក សៀង សុខ ព្រះរាជអាជ្ញារង ដែលកាន់សំណុំរឿងនេះ មិនអ​នុញ្ញាតទេ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ និងអង្គការសង្គមស៊ីវិលមួយចំនួន បានអមដំណើរលោក គឹម សុខ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕