(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជំរាបជូនអង្គប្រជុំគណៈរដ្ឋមន្រ្តីថា នៅឆ្នាំ២០១៦ កន្លងទៅនេះ មានគេហដ្ឋានប្រជាពលរដ្ឋ ប្រមាណ ៤៨,២៣ភាគរយហើយ នៅទូទាំងប្រទេសកម្ពុជា ដែលត្រូវបានភ្ជាប់អគ្គិសនីប្រើប្រាស់។

ជុំវិញការតបណ្តាញអគ្គិសនីនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមាន ប្រសាសន៍ថា ប្រសិនបើនៅក្នុងការ ពង្រាយខ្សែភ្លើងកាត់ដីឯកជន ហើយមានការទាមទារថ្លៃលើសលប់ រដ្ឋត្រូវអនុវត្ត វិធានការរដ្ឋបាល ហើយសាមីខ្លួនអាចប្តឹងទៅតុលាការ នេះបើយោងតាម Facebook របស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោក ស៊ុយ សែម បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
កិច្ចប្រជុំនេះមានរបៀបវារៈ២រួមមាន៖ ទី១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគ​បន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ និងទី២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»

រាជរដ្ឋាភិបាលបានបង្កើនការខិតខំរបស់ខ្លួន ក្នុងការពង្រីកការតបណ្តាញអគ្គិសនី កាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ខណៈដែលអគ្គិសនី នៅតំបន់ខ្លះ ត្រូវបានទិញពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ។

កាលពីម្សិលមិញនេះ អគ្គិសនីកម្ពុជាក៏បានចុះហត្ថលេខាអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ជំហានទី២ ក្រោមទឹកប្រាក់ ១៨៥លានដុល្លារ ជាមួយក្រុមហ៊ុនចិន China National Heavy Machinery Corporation «CHMC» ថែមទៀត។ គម្រោងនេះនឹងរួចរាល់នៅរយៈពេល៣៦ខែ ដែលនឹងធ្វើឱ្យប្រសើរឡើងក្នុងការតភ្ជាប់អគ្គិសនីជូនប្រជាពលរដ្ឋនៅបែកនារតី នៃកម្ពុជា៕