(បាត់ដំបង)៖ ប្តីអប្រិយចិត្តឆៅម្នាក់បានឈ្លោះជាមួយប្រពន្ធ ដោយនិយាយគ្នាមិនព្រមចាញ់ឈ្នះ ក៏ទៅយកខ្សែក្រវ៉ាត់ រឹត-ក ប្រពន្ធបណ្តាលឲ្យស្លាប់ នៅក្នុងបន្ទប់ទឹក រួចរត់គេចទៅសម្ងំផ្ទះម្តាយនៅខេត្តប៉ៃលិន តែត្រូវសមត្ថកិច្ចចាប់បានមកវិញ។ ករណីឃាតកម្មសម្លាប់ប្រពន្ធនេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

មន្រ្តីអាវុធហត្ថស្រុកកំរៀង បានបញ្ជាក់ឲ្យដឹងថា ដោយសារតែអំណាចប្តីជាប្រុសកម្លាំងខ្លាំងជាង បានយកខ្សែក្រវ៉ាត់ រឹតកប្រពន្ធ រហូតដល់ដាច់ខ្យល់ស្លាប់ រួចជិះម៉ូតូទៅសម្ងំ នៅផ្ទះម្តាយនៅខេត្តប៉ៃលិន។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ង៉ូវ សុខលីន អាយុ២៥ឆ្នាំ មុខរបរមិនប្រាកដ រីឯប្រពន្ធ ឈ្មោះ ខឿន ចំរើន អាយុ៣៥ឆ្នាំ មុខរបរលក់ដូររស់នៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ទឹក។

ក្រោយពីទទួលព័ត៌មានពីសាច់ញាតិជនរងគ្រោះ នៅវេលាម៉ោង១៨៖០០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ដដែល កម្លាំងអាវុធហត្ថ ស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការស្រុក បានចេញស្រាវជ្រាវរករកជនសង្ស័យរហូតចាប់ ជនសង្ស័យបាន នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិន ជាទីកន្លែងកំណើតរបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានធ្វើការសាកសួរចម្លើយរួចកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីបញ្ជូនបន្តទៅ តុលាការខេត្តចាត់ការបន្តតាមច្បាប់៕