(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ​ និងលោក វីលៀម អេហេដ (Villiam A. Heidt) អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងលោកស្រី ព្រមទាំងប្រធាន អនុប្រធាន មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក ចុះមកពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅក្រុងសួង។ កម្មវិធីត្រូវបានរៀបចំធ្វើឡើង នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតនៅខេត្តត្បូងឃ្មុំ ដោយមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកវេជ្ជបណ្ឌិត តាន់ សុង តំណាងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានឲ្យដឹងថា ជាការឆ្លើយតបនូវសំណើសុំជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដើម្បីឲ្យក្រុមគ្រូពេទ្យអាមេរិក មកពិនិត្យព្យាបាលប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដោយឥតគិតថ្លៃនោះ នៅពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកចំនួន៩០នាក់ និងក្រុមនិស្សិតពេទ្យស្ម័គ្រចិត្តខ្មែរ៧០នាក់ សរុបចំនួន១៦០នាក់ បានមក ធ្វើការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ដោយក្នុងនោះ មានការចូលរួមពីក្រុមគ្រូពេទ្យនៅមន្ទីរបង្អែក ព្រះនរោត្តមសីហនុ ត្បូងឃ្មុំផងដែរ។

លោកក៏បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក​ប្រចាំខេត្តត្បូងឃ្មុំ មានចំនួន៤រូប ហើយលោកក៏បានជួយដល់ មណ្ឌលសុខភាព ចំនួន២រួចមកហើយ នៅមណ្ឌលសុខភាព ថ្មពេជ្រចំនួន១ និងត្រពាំងព្រីងចំនួន១។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ គឺសុទ្ធតែចំណាយនូវកម្លាំងកាយចិត្ត និងថវិការផ្ទាល់ខ្លួន ចំណែកឯសំភារៈ និងថ្នាំពេទ្យដែលយកមក ព្យាបាលនាពេលនេះ គឺសុទ្ធសឹងថវិការបានមកពីមូលនិធិសមាគមខ្មែរនៅអាមេរិក ដែលនេះបង្ហាញពីការចូលរួមលើវិស័យ មនុស្សធម៌យ៉ាងពិតប្រាកដ។

លោកបន្ថែមទៀតថា ប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ មកទទួលសេវាពិនិត្យ និងព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក ដោយឥតគិតថ្លៃ ចាប់តាំងពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយក្នុងនោះ ប្រជាពលរដ្ឋខ្លះមកតាំងពីម៉ោង៣ព្រឹកខ្លះសម្រាក នៅមន្ទីរពេទ្យ ដើម្បីបានទទួលការពិនិត្យ និងព្យាបាល។

លោកអភិបាលខេត្ត បានសម្តែងការត្រេកអរ ព្រមទាំងថ្លែងអំណរគុណដល់លោកអគ្គរដ្ឋទូតអាមេរិក ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អាមេរិកទាំងអស់ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈវិស័យសុខាភិបាលមកលើប្រទេសកម្ពុជាពិសេសខេត្ត ត្បូងឃ្មុំនេះ។

ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងពីសក្តានុពលវិស័យកសិកម្ម និងកសិឧស្សាហកម្ម ពិសេសដំណាំកៅស៊ូនិងម្រេចដោយ សំណូមពរដល់ ប្រទេសអាមេរិក តាមរយៈលោកអគ្គរដ្ឋទូត សូមសហការវិនិយោគ ដើម្បីជួយលើដំណាំដែលមានសក្តានុពលទាំង២ របស់ខេត្តកូនពៅមួយនេះ។

ជាការឆ្លើយតបប្រកបទៅដោយភាពជិតស្និទ្ធ លោក វីលៀម អេហេដ ដែលចូលចិត្តខាងវិស័យសេដ្ឋកិច្ចស្រាប់នោះបានសម្តែងនូវ ការអបអរ ព្រមទាំងទទួលយកសំណើរមួយនេះ ទៅធ្វើការពិនិត្យពិភាក្សា និងឆ្លើយតបនាពេលបន្ទាប់។

ក្នុងនោះផងដែរ លោកអគ្គរដ្ឋទូត ក៏បានកំពុងបន្តជំនួយទៀត នៅក្នុងខេត្តត្បូងឃ្មុំ ដោយផ្តល់នូវថវិកា សម្រាប់ជួយទៅលើសារមន្ទីរ ចាស់ៗ ដើម្បីថែរក្សាឯកសារ ក៏ដូចជាសំណង់ចាស់ៗ ក្នុងអំឡុងសតវត្សទី៦ និងទី៧ មុនសម័យអង្គរ ដើម្បីបង្កើតកន្លែងនេះជាតំបន់ ទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាកំសាន្ត។

នាឱកាសនោះ ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ បានសម្តែងនូវការសប្បាយរីករាយស្ទើរតែ ស្រក់ទឹកភ្នែក ដោយធ្វើការអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក៏ដូចជា ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ និងសំណូមពរឲ្យ មានសកម្មភាពមនុស្សធម៌ ដោយការព្យាបាល ឥតគិតថ្លៃបែបនេះជាបន្តទៀត។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក មកធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៣រហូតដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយពិនិត្យព្យាបាលជំងឺដូចជា៖ ជំងឺទូទៅ និងកុមារ ជំងឺវះកាត់ទូទៅ ដូចជា៖ ខ្លនលូន ជំងឺដុះដៃស្បូន ជំងឺដុំក្នុងស្បូន ជំងឺរលាកពោះវៀនខ្នែង ជំងឺវះកាត់ភ្នែក និងមានចែកវ៉ែនតាជូនជំងឺមាត់ធ្មេញ(ដក និងប៉ះធ្មេញ) ព្រមទាំងមានចែកជូន ដៃសិប្បនិម្មិត ជូនចំពោះបងប្អូនដែលពិកាដៃផងដែរ ដោយចាប់ទទួលព្យាបាលពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច៕