(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានប្រាប់ និងបញ្ជាទៅអភិបាលស្រុកសន្ទុក ស្វែងរកមេក្លោងដើម្បីចាប់ខ្លួន ដែលជាប់ពាក់ព័ន្ធការគំរាមកំហែង និងបំភ័យដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានឲ្យលក់ដីស្រែទៅក្រុមហ៊ុនចិន។ លោកអភិបាលខេត្ត បានថ្លែងថា ទង្វើបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

មន្រ្តីសាលាខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី១៧​ ខែកុម្ភៈ ឆ្នាំ២០១៧ថា ការដាក់បញ្ជាបានធ្វើឡើងឡើង ពេលលោកអភិបាលខេត្ត ដឹកនាំក្រុមការងារ និងមន្ទីរជំនាញ ចុះពិនិត្យជាក់ស្តែង ដោយជួបជាមួយប្រជាពលរដ្ឋ ដើម្បីរកនូវចំណុចអវិជ្ជមានខ្លះៗ ដែលបង្កឲ្យ ប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅទីតាំងការដ្ឋានធ្វើផ្លូវក្រុមហ៊ុនចិន (បាវហ្វេង) នៅតំបន់នាគជ្រុំ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃម្សិលម្ង៉ៃ។

លោក សុខ លូ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា សូមឲ្យបងប្អូនដែលកំពុងអាស្រ័យផលនៅទីនោះ បន្តធ្វើស្រែទៀតចុះកុំមានការ ព្រួយបារម្ភណ៍ អីចំណែកដីអាស្រ័យផលរបស់បងប្អូន គ្មានអ្នកណាហានយកឡើយ បើសិនជាបងប្អូនមិនលក់។

ជាមួយគ្នានេះដែរ លោក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋយ៉ាងទទួចថា «សូមបងប្អូនកុំលក់ដីឲ្យទៅឈ្មួញក្នុងតម្លៃថោក ទោះបីមាន ក្រុមឈ្មួញ ប្រើសំដីបំផិតបំភ័យដោយរូបភាពណាក្តី។ ករណីនេះអភិបាលស្រុកសន្ទុក ត្រូវរកមេក្លោង ដែលដើរគំរាមកំហែង ប្រជាពលរដ្ឋ និងមេក្លោងរៀបចំដីលក់ឲ្យក្រុមហ៊ុនចិន ធ្វើឲ្យឲ្យប៉ះពាល់ដល់ដីស្រែពួកគាត់ និងការដឹកជញ្ជូនផលដំណាំកសិកម្ម យកទៅកាន់ទីផ្សារ ឬលំនៅដ្ឋានពួកគាត់»

នៅថ្ងៃដដែលនោះ ភាគីតំណាងក្រុមហ៊ុនចិន បន្ទាប់ពីមានការស្តីបន្ទោសពីថ្នាក់ដឹកនាំខេត្ត ចំពោះបញ្ហាបិទផ្លូវទឹកទូកកាណូត ក្នុងការធ្វើចរាចរ ដឹកផលនេសាទនៅរដូវវស្សា និងការដឹកផលកសិកម្មរដូវប្រាំងរបស់ពលរដ្ឋ បានសន្យានូវចំពោះមុខអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋថា ក្រុមហ៊ុននឹងអនុវត្តន៍ តាមការណែនាំរបស់អាជ្ញាធរ ព្រមទាំងសំណូមពររបស់ប្រជាពរដ្ឋ នៅពេលធ្វើផ្លូវរួចទើប អាចដឹកសម្ភារចូលធ្វើស្ពានបាន និងកែសម្រួលពង្រឹងផ្លូវ សារជាថ្មីម្តងទៀត ដែលអាចបង្កលក្ខណៈងាយ ស្រួលដល់អ្នកដំណើរ នៅស្រុកភូមិតំបន់នោះ។

ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋបានសម្តែងការសាទរចំពោះអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ និងគិតគូដោះស្រាយ ពីផលប៉ះពាល់ ចុះផ្ទាល់ដល់កន្លែងដែលគាត់មានបញ្ហា៕