(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅពេលនេះនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអនុម័តទាំងស្រុងដោយគ្មានការកែប្រែនូវ «ស្តីពីគម្រោងវិនិយោគខ្សែ បញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ-ភ្នំពេញ និងគ្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិត អគ្គិសនីដុតធ្យូងថ្មអានុភាព ១៣៥ មេហ្កាវ៉ាត់១គ្រឿង នៅខេត្តព្រះសីហនុ»

នៅពេលនេះគណៈរដ្ឋមន្រ្តីកម្ពុជា បាននឹងកំពុងបន្តបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះមានរបៀបវារៈចំនួន២នេះ រួមមាន៖

១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគ​បន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។

២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»៕