(ភ្នំពេញ)៖ ពិតជាទុក្ខជាន់លើទុក្ខមែន ស្រ្តី២នាក់មកពីស្រុកផ្សេងគ្នា ហើយយកប្តីមកមើលជម្ងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ត្រូវបានចោរហារយ ចូលទៅលួចយកលុយអស់ជិត១ពាន់ដុល្លារ ខណៈដែលពួកគាត់ទាំង២នាក់ រវល់មើលថែប្តី។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងមន្ទីរពេទ្យលោកសង្ឃ ក្នុងសង្កាទឹកល្អក់ទី២ ខណ្ឌទួលគោក។

ស្រ្តីរងគ្រោះម្នាក់ បានត្អួញត្អែរ និងរៀបរាប់ថាប្តីរបស់គាត់ឈឺ ហើយគ្មានលុយកាក់ច្រើននោះទេ គឺសន្សំសល់ពីការហូបចុក បានប្រមាណជា២លានរៀល សម្រាប់ទុកយកប្តីមកមន្ទីរពេទ្យតែជាអកុសល គាត់បានមកសម្រាកនៅមន្ទីរពេទ្យនេះ ប្រហែល៣-៤ថ្ងៃ ក៏ត្រូវចោរហារយទាំងនោះ លួចយកលុយគាត់ទៅ ទាំងលុយ ដែលខំសន្សំទុកមើលជម្ងឺប្តី កំពុងឈឺ និងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃនេះឯង។

រឺឯស្រ្តីរងគ្រោះម្នាក់ទៀតក៏មិនខុសពីស្រ្តីខាងលើដែរ គឺគាត់ខំសន្សំលុយបានជាង៦0ម៉ឺនរៀល ដើម្បីយកប្តីមកមើកជម្ងឺ នៅមន្ទីរពេទ្យលោកសង្ឃនេះដែរ តែអកុសលក៏ត្រូវចោរខាងលើចូលលួចយកអស់ដែរ។ ចុងក្រោយស្រ្តីទាំង២នាក់ខាងលើ ដើរទៅមើលប្តីដែលកំពុងដេកឈឺទាំងអស់សង្ឃឹម។

ជាការគត់សម្គាល់ នៅតាមមន្ទីរពេទ្យរាប់ទាំងមន្ទីរកាល់ម៉ែត និងមន្ទីរគន្ធបុប្ផា ប្រជាពលរដ្ឋដែលនាំសាច់ញាតិឬកូនៗ មកសម្រាកព្យាបាលនោះ តែងតែបាត់បង់ទ្រព្យសម្បត្តិជាញឹកញាប់ ដោយសារតែមានចោរខ្លះបន្លំជាគ្រូពេទ្យ និងបុគ្គលិកពេទ្យ ចូលទៅលួចតែម្តង។

សម្រាប់មន្ទីរគន្ធបុប្ផាវិញ ប្រជាពលរដ្ឋជាច្រើននាក់ ដែលឧស្សាហ៍បាត់ជាច្រើនគេនោះ គឺស្បែកជើងតែម្តង ​នៅពេលទុកនៅខាងមុខបន្ទប់ ចេញមកវិញគឺបាត់តែម្តង បើសិនស្បែកជើងល្អ និងមានតម្លៃ៕