(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់៨នាក់ និងរបួសស្រាល៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង ថយន្តធុនធំ៨គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យ កើតមានគ្រោះថ្នាក់ ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក, មិនគោរពសិទ្ធ៣លើក, ស្រវឹង១លើក, និងកត្តាយានយន្ដ១លើក។

សូមបញ្ជាក់ថា រយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន១៤៧លើក បណ្ដាលឲ្យមនុស្សស្លាប់៧៦នាក់ របួសធ្ងន់ចំនួន១៣៥នាក់ និងរងរបួសស្រាលចំនួន៧១នាក់៕