(ភ្នំពេញ)៖ បន្ទាប់ពីបានចេញផ្សាយអត្តបទវិភាគនយោបាយក្តៅៗ ទទួលការចាប់អារម្មណ៍ពីមិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ គ្នាមកនេះ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅរាត្រីឆ្លងចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អ្នកវិភាគនយោបាយដ៏ស៊ីជម្រៅមួយរូប «បក្សីចាំក្រុង» ក៏សុំបង្ហាញនូវសំណេរជាទស្សនៈវិភាគ និងសេណារីយ៉ូភ្លឹថ្លាមួយដល់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៊ី ចាកចេញ ពីប្រធានគណបក្សសង្គ្រោះជាតិ។ តាមរយៈសំណេរជាសេណារីយ៉ូដ៏វែងអន្លាយមួយនេះនឹងចង្អុលបង្ហាញថា តើគណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរទៅដល់ផ្លូវ ឬជ្រោះមរណៈមួយណា ហើយនឹងមានអ្វីកើតឡើងចំពោះគណបក្សប្រឆាំងដ៏ធំមួយនេះ ខណៈស្ថានការណ៍នយោបាយនៅកម្ពុជាចាប់ផ្តើមប្រែប្រួល។

​១៖ ស្ថានការណ៍នយោបាយកម្ពុជាចាប់ផ្តើមប្រែប្រួលជាថ្មី បន្ទាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៉ី ពីប្រធានគណបក្សសង្រ្គោះជាតិ ហើយដែលបានធ្វើឱ្យគណបក្សប្រឆាំងដ៏ធំជាងគេមួយនេះរបស់កម្ពុជា បានឈានដល់ចំណុចរបត់មួយមិនច្បាស់លាស់ និងដែលអាចឈានដល់ការបែកបាក់ ឬយ៉ាងហោចណាស់ ក៏អាចធ្វើឱ្យជីវិតនយោបាយរបស់លោក សម រង្ស៉ី នឹងត្រូវបញ្ចប់យ៉ាងពិតប្រាកដជាមួយនឹងការលាលែងជាឆាកល្ខោននយោបាយមួយនេះ មានន័យថា លាលែងលេងៗ បាត់តំណែងមែនទែន! ទ្រឹស្តីធំមួយដែលអ្នកនយោបាយគ្រប់គ្នាចងចាំយ៉ាងច្បាស់នោះ គឺ «ក្នុងរឿងនយោបាយ គ្មានអ្វីទៀងទាត់នោះទេ, សត្រូវ ក៏អាចក្លាយជាមិត្ត ហើយ មិត្តក៏អាចក្លាយជាសត្រូវបានមួយរំពេចគ្រប់ពេល»។ គ្រូខ្ញុំក៏ធ្លាប់ប្រាប់ដែរថា «ធ្វើនយោបាយត្រូវមើលឱកាស ហើយបើគ្មានឱកាស គឺត្រូវចេះបង្កើតឱកាសឱ្យខ្លួនឯង»។

​២៖ សម្រាប់អ្នកវិភាគដែលមានទស្សនៈប្រាកដនិយម និងស្គាល់ច្បាស់អំពីគណបក្សប្រឆាំងមួយនេះ ពិសេសចរិតនយោបាយរបស់លោក កឹម សុខា និងលោក សម រង្ស៉ី គឺប្រមើលមើលឃើញយ៉ាងច្បាស់អំពីគ្រោះថ្នាក់ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខនេះ សម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៉ី នៅក្នុងគណបក្ស សង្រ្គោះជាតិ ហើយសេណារីយ៉ូនយោបាយរបស់គណបក្សនេះ នឹងស្ថិតក្នុងការប្រែប្រួលមួយមិនច្បាស់លាស់ រហូត​ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងឆ្នាំ២០១៨ ដោយបូករួមផ្សំនឹងវិបត្តិក្បាលម៉ាស៊ីនដឹកនាំ និងវិបត្តិផ្នែកយុទ្ធសាស្រ្តផង គណបក្សមួយនេះ ប្រឈមនឹងការបែកបាក់ច្រើនជាងការរួបរួម។ ទស្សនៈវិទូបុរាណពោលថា «ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ធ្វើសង្រ្គាម១០០ដង ឈ្នះទាំង១០០ដង ឯរឿងធ្វើនយោបាយក៏ដូចគ្នាដែរ»។

​៣៖ ចំណុចវាយតម្លៃសន្និដ្ឋានធំមួយ ដែលទាំងអ្នកនយោបាយ ទាំងអ្នកវិភាគសង្គម យល់ឃើញដូចគ្នានោះ គឺការលាលែងរបស់លោក សម រង្ស៉ី គ្រាន់តែជាឆាកល្ខោនសំដែងឱ្យគេមើលតែប៉ុណ្ណោះ មិនមែនជាការលាលែងមួយដែលស្មោះត្រង់ និងពិតប្រាកដនោះទេ ហើយជីវិតនយោបាយរបស់លោក សម រង្ស៉ី មិនទាន់បញ្ចប់ទេ និងកំពុងបន្តធ្វើជាមេដឹកនាំស្រមោលរបស់គណបក្សសង្រ្គោះជាតិដដែល។ ប៉ុន្តែមនុស្សលោក នៅតែជាមនុស្សលោក, ទេវតា នៅតែជាទេវតា ! មនុស្សគិត មិនដូចទេវតាគិត, មនុស្សធ្វើ មិនដូចទេវតាធ្វើ! លោក សម រង្ស៉ី ក៏ជាមនុស្សលោកដូចយើងដែរ គិតខុស វាយតម្លៃមិនត្រូវ គឺជារឿងធម្មតា សំខាន់ត្រូវចេះទុកផ្លូវរស់សម្រាប់ខ្លួន។ ពាក្យចាស់លោកថា បើមិនចេះជួយខ្លួនឯង ទេវតាក៏ជួយមិនកើតដែរ! លោក សម រង្ស៉ី ក៏មិនប្រាកដជាស្គាល់ចិត្តលោក កឹម សុខា ច្បាស់នោះទេ ព្រោះបើសូម្បីតែលោក កឹម សុខា ខ្លួនគាត់ គាត់ស្គាល់ចិត្តខ្លួនឯងទាំងមិនច្បាស់ផង គឺដូរតែរហូត ផ្លាស់តែរហូតឱ្យតែល្អ គឺដូរភ្លាម!

​៤៖ ជនជាតិខ្មែរយើងតែងតែប្រៀនប្រដៅកូនចៅឱ្យប្រយ័ត្នប្រយែងពេលធ្វើអ្វីមួយ និងបានលើកពាក្យទូន្មានថា «ត្រូវគិតមុខ គិតក្រោយ! ត្រូវមើលមុខ មើលក្រោយ!» ឱ្យបានច្បាស់លាស់សិន មុននឹង​សម្រេចចិត្តធ្វើអ្វីមួយជាក្រោយ ហើយបើរឿងនយោបាយ ត្រូវមានការប្រុងប្រយ័ត្នកាន់តែខ្ពស់។ ប៉ុន្មានថ្ងៃនេះ អ្នកនយោបាយ អ្នកវិភាគសង្គម សូម្បីតែរាស្រ្តសាមញ្ញធម្មតា ក៏​នាំគ្នាឆ្ងល់គ្រប់គ្នា ក្រោយពេលដែលបានទទួលបានទទួលដំណឹងដ៏ភ្ញាក់ផ្អើលថា លោក សម រង្ស៉ី អ្នកនយោបាយប្រឆាំងដែលចាញ់​ចាស់វស្សារបស់កម្ពុជា បានធ្វើការសម្រេចចិត្តជា​ប្រវត្តិសាស្រ្តនៅក្នុងជីវិតនយោបាយចុងក្រោយរបស់លោក ដោយ​បានលាលែងចេញយ៉ាងប្រញាប់ប្រញាល់ និងស្លន់ស្លោបំផុត ពីប្រធានគណបក្សសង្រ្គោះជាតិ ហើយសូម្បីតែសមាជិកធម្មតា ក៏គាត់មិនទុកដែរ គឺលាលែងទាំងអស់។ បន្ទាប់ពីការលាលែងពីប្រធានបក្ស, លោក សម រង្ស៉ី បានប្រកាសក្តែងៗ ក្នុងបទសម្ភាសជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មានជាភាសាខ្មែរ និងជាភាសាបរទេសថា ការលាលែងរបស់គាត់ពីប្រធានគណបក្ស គឺធ្វើឡើងដើម្បីសង្រ្គោះគណបក្សរបស់គាត់កុំឱ្យគេរំលាយ ក្នុងខណៈពេលដែលគណបក្ស ប្រជាជនកម្ពុជាកំពុងរុញច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទៅដល់រដ្ឋសភា។

ដោយមិនទាន់ទាំងបានឃើញច្បាប់វិសោធន​កម្មនោះយ៉ាងម៉េចផង លោក សម រង្ស៉ី បែរអាចពន្យល់បានយ៉ាងច្បាស់ថា ច្បាប់នោះ គឺហាមឃាត់អ្នកមាន ទោសមិនឱ្យធ្វើជាប្រធានគណបក្ស ហើយបើប្រធានគណបក្សជាអ្នកមានទោស គឺគណបក្សនោះក៏នឹងត្រូវរំលាយដែរ។ ដូចនេះគាត់ស៊ូបាត់បង់តំណែង ប្រធានបក្ស កុំឱ្យតែបក្សរលាយ មិនត្រឹមតែប៉ុណ្ណោះ គាត់បានឆ្លៀតចូលតួ ដោយសម្តែងប្រាប់រាស្រ្តបន្ថែមទៀតថា សម រង្ស៉ី ស៊ូបាត់បង់ជីវិត កុំឱ្យតែជាតិរលាយ នៅពេលដែលគាត់កំពុងនៅនិរទេសខ្លួននៅក្រៅប្រទេស សូម្បីតែប្រឈមមុខជាប់ពន្ធនាគារត្រឹមតែ២ឆ្នាំ គាត់មិនហ៊ានផង! Sic!

​៥៖ ការលាលែងដោយទាន់ហន់របស់លោក សម រង្ស៉ី នេះ បានទាក់ទាញឱ្យមានការបញ្ចេញទស្សនៈវិភាគជាច្រើន ប៉ុន្តែនៅទីនេះស្មេរសូមលើកយកទស្សនៈ នៃការវិភាគសំខាន់ៗ មកសរុបជូនមិត្តអ្នកអានដូចតទៅ៖

* សម្រាប់អ្នកនយោបាយខាងបក្សប្រឆាំង និងអ្នកវិភាគសង្គមទាំងឡាយដែលមាននិន្នាការទៅរកគណបក្សប្រឆាំង គឺបានចាត់ទុកការលាលែងនេះ គឺជាយុទ្ធសាស្រ្តនយោបាយដ៏ល្អមួយរបស់លោក សម រង្ស៉ី និងគណបក្សសង្រ្គោះជាតិ ដោយបានបោះជំហានមួយជំហានមុន ដើម្បីទប់នឹងការធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ។ ប៉ុន្តែនៅពេលវិភាគដូច្នេះ អ្នកនយោបាយនិងអ្នកវិភាគទាំងនេះ មិនដឹងខ្យល់ ឬមិនដឹងទិសច្បាប់វិសោធនកម្ម នោះយ៉ាងម៉េចទេ! ហើយបន្ទាប់មកអ្នកគាំទ្រគណបក្សប្រឆាំងនេះ បាននាំគ្នាបន្ទរឱ្យល្បីរន្ទឺឮខ្ទរខ្ចាយសុសសាយសព្វទិសទី អំពីឧត្តមគតិស្នេហាជាតិ និងការលះបង់ប្រកបដោយវីរៈភាពរបស់លោក សម រង្ស៉ី ដើម្បីសង្រ្គោះគណបក្ស ដោយសុខចិត្តលាលែងចេញពីប្រធានគណបក្ស។

* សម្រាប់អ្នកនយោបាយគណបក្សកាន់អំណាច ការលាលែងតំណែងពីប្រធានបក្សរបស់លោក សម រង្ស៉ី គឺមិនមែនជារឿងចម្លែកទេ ដោយបានចាត់ទុកថា លោក សម រង្ស៉ី គឺជាអ្នកនយោបាយត្រចៀកស ជាមនុស្សកំសាកមិនហ៊ានប្រឈមនឹងការពិត និងបានចុះចាញ់ មុនការប្រកួត ពិសេសការលាលែងរបស់លោក បានធ្វើឡើងដោយស្លន់ស្លោ ដោយមិនទាន់ដឹងថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់នោះចែងយ៉ាងដូចម្តេច​ផង !

* សម្រាប់អ្នកវិភាគឯករាជ្យដែលមានទស្សនៈភ្លឺនិយម, ការលាលែងរបស់លោក សម រង្ស៉ី គឺជាការលាលែងមួយដែលមិនស្មោះត្រង់ ជាការលាលែងបែប ឆាកល្ខោន និងបានចាត់ទុកថា ជាការលាលែងបែបឆោតល្ងង់ និងមានកំហុសខាងផ្នែកយុទ្ធសាស្រ្តនយោបាយធ្ងន់ធ្ងរ។ អ្នកវិភាគនយោបាយទាំងនេះ បានលើកហេតុផលថា បើលោក សម រង្ស៉ី ជាអ្នកនយោបាយឆ្លាតវៃ គឺគួរណាស់តែធ្វើការសម្រេចចិត្តថា តើលាលែង ឬមិនលាលែងពីប្រធានគណបក្ស នៅពេលដែលច្បាប់ស្តីពីវិសោធនកម្មចេញសិន ដើម្បីពិនិត្យមើលថា តើច្បាប់នោះមានខ្លឹមសារដូចម្តេច ? មិនទាន់ដឹងថា ខ្លឹមសារច្បាប់ដូចម្តេចផង ក៏ស្រាប់តែធ្វើជាអ្នកក្លាហានខុសក្បួនយុទ្ធសាស្រ្ត បានសម្រេចលាលែងទាំងទាន់ហន់ និងស្លន់ស្លោ ដែលធ្វើឱ្យគេចំអកថា លោក សម រង្ស៉ី ជាអ្នកនយោបាយត្រចៀកស ដែលត្រូវគេបំភ័យបន្តិច ក៏ភ័យឡើងបែកប្រមាត់ទៅហើយ! ដល់ពេលឥឡូវ សេចក្តីព្រាងច្បាប់ត្រូវបានគេផ្សព្វផ្សាយចេញមក គឺបានធ្វើឱ្យមូលហេតុដែលលោក សម រង្ស៉ី លាលែងពីប្រធានបក្ស ដើម្បីសង្រ្គោះគណបក្ស គឺលែងមានន័យអីសោះទៅទៀត ព្រោះក្នុងសេចក្តីព្រាងច្បាប់នោះ ពុំមានមាត្រាណាមួយចែងថា គណបក្សនយោបាយនឹងត្រូវរំលាយ នៅពេលដែលប្រធានគណបក្សនោះជាអ្នកមានទោសឡើយ។

មិនត្រឹមតែល្ងង់មិនអាចជួយសង្រ្គោះគណបក្សបាននោះទេ ថែមទាំងបាត់បង់តំណែងប្រធានបក្សពីឥឡូវទៅ ហើយប្រគល់អំណាចគ្រប់គ្រងទាំងមូលឱ្យ កឹម សុខា ទាំងដៃពីរទៀតផង។ ចុះម៉េចក៏មិនចាំមើលច្បាប់សិន ហើយធ្វើតាមសម្រួលទៅ ចាំបាច់អីធ្វើរបៀបស្លន់ស្លោយ៉ាងនេះ! បើមិនថា ជាការឆោតល្ងង់ តើរកពាក្យអីដាក់ទៅវិញ? វីរៈភាពដែលគិតថាឧត្តុង្គឧត្តមពីមុន បានរលាយសាបសូន្យ បន្ទាប់ពីបានឃើញខ្លឹមសារច្បាប់ ហើយអ្នកមានសមានចិត្តនឹង គណបក្សកាន់អំណាច បាននាំគ្នាចំអកដោយហៅវីរៈភាពនៃការលាលែងរបស់លោក សម រង្ស៉ី ថា ជា «វីរៈភាពក្នុងក្អម» និងបានដាក់ឈ្មោះលោក សម រង្ស៉ី ថា ជា «អ្នកនយោបាយដែលចាញ់ចាស់វស្សា»។ បន្ថែមពីនេះការលាលែងបែបស្លន់ស្លោនេះ បានធ្វើឱ្យស្ថានភាពនយោបាយនៅក្នុងបក្សប្រឆាំង ប្រែប្រួលជួបវិបត្តិ ពិសេស តុល្យភាពអំណាចក្នុងបក្សរវាងខ្សែ កឹម សុខា និងខ្សែ សម រង្ស៉ី ហើយគ្រោះធំសម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៉ី និងយុទ្ធមិត្តនយោបាយ ដែលបានតស៊ូជាមួយលោក សម រង្ស៉ី ក៏កាន់តែមើលឃើញច្បាស់ គឺគ្រោះថ្នាក់រលំរលាយដោយសារការលេបត្របាក់យកបក្សសង្រ្គោះជាតិទាំងមូល ពីសំណាក់លោក​ កឹម សុខា ដោយមិនបាច់ប្រឹង ដោយស្របច្បាប់ និងមានហេតុផលនយោបាយត្រឹមត្រូវគ្រប់គ្រាន់។

​៦៖ គេនៅចាំបានថា នៅឆ្នាំ២០១២ កន្លងទៅ លោក សម រង្ស៊ី បានរួបរួមគ្នាជាមួយលោក កឹម សុខា បង្កើតគណបក្សសង្រ្គោះជាតិ ដើម្បីប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដោយលើកទង់ផ្លាស់ប្តូរ ហើយលោក សម រង្ស៉ី បានចាត់ទុកលោក កឹម សុខា ជាដៃគូស្លាប់រស់ផ្នែកនយោបាយជាមួយគ្នា ប៉ុន្តែដៃគូស្លាប់រស់មួយនេះ តែងមានកូនកាំបិត លាក់នៅក្រោយខ្នងរហូត។ សម្រាប់លោក សម រង្ស៊ី ជាមួយនឹងគំនុំផ្ទាល់ខ្លួន និងគំនុំនយោបាយប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា គឺតែងគិតទៅមុខ និងមើលទៅមុខ ឃើញតែគណបក្សប្រជាជនកម្ពុជាជាឧបសគ្គនយោបាយ និងជាគោលដៅនយោបាយរបស់គាត់ ប៉ុន្តែភ្លេចគិតខាងក្រោយ និងមើលខាងក្រោយថា លោក កឹម សុខា ដែលតែងបានត្រៀមកូនកាំបិតនៅក្រោយខ្នងជានិច្ច រង់ចាំតែឱកាសល្អមកដល់តែប៉ុណ្ណោះដើម្បីចាត់ការសម្រេចមហិច្ឆិតានយោបាយរបស់ខ្លួន! គួរចងចាំដែរថា តើ កឹម សុខា ជានរណា មុនពេលចូលមកបបួល សម រង្ស៉ី បង្កើតបក្សរួមគ្នា?

ឥឡូវឱកាសនយោបាយលេបយកគណបក្សសង្រ្គោះជាតិទាំងមូល បានមកដល់ជាបណ្តើរៗហើយ គេបានលើកនំឱ្យ កឹម សុខា ទាំងដៃពីរគឺ ទី១៖ ក្រុម សម រង្ស៊ី និយម បានជួយឡង់សេលើកតម្កើងតាំងតែពីបង្កើតបក្សរួមគ្នាមកថា លោក កឹម សុខា គឺជាមនុស្សទី២របស់គណបក្ស បន្ទាប់ពីលោក សម រង្ស៊ី ហើយហៅថា «លោកប្រធានស្តីទី»ពេញៗមាត់។ ទី២៖ លោក សម រង្ស៊ី បានលាលែងពីប្រធានបក្ស ប្រៀបបាននឹងលើកស្ករឱ្យស្រមោចដូច្នេះដែរ ឯលោក កឹម សុខា ធ្វើជាកើតទុក្ខចំពោះការលាលែងរបស់លោកប្រធាន សម រង្ស៊ី និងធ្វើជាបង្ខំចិត្តដឹកនាំប្រធានបក្សបន្ត ក្នុងនាមជាប្រធានស្តីទីពេញសិទ្ធិ ពេញអំណាច ក្តោបបានបក្សទាំងមូល! លោក កឹម សុខា ដាក់ទុន ៣ កៅអី បានមកវិញ ៥៥ កៅអីនៅរដ្ឋសភា! ដាក់ដើមតិច ប៉ុន្តែចំណេញច្រើនព្រោះរកស៊ីចំឱកាសល្អ និងប៉ះចំអ្នកឆោតល្ងង់តាំងខ្លួនជាអ្នកឆ្លាត និងមានអំនួតជាអ្នកមានចិត្តទូលាយ។

៧៖ ការលាលែងរបស់លោក សម រង្ស៉ី មួយជំហានមុនច្បាប់ចេញ គឺជាការលាលែងដ៏ឆោតល្ងង់ផ្នែកយុទ្ធសាស្រ្តនយោបាយ និងមិនបានជួយអ្វីដល់ គណបក្សសង្រ្គោះជាតិឡើយ ប៉ុន្តែបានធ្វើរូបគាត់ សម រង្ស៉ី និងក្រុមរបស់គាត់ខាតបង់ទៅវិញនៅក្នុងគណបក្សសង្រ្គោះជាតិ។ បើមើលមួយជ្រុងមិនដឹងថា ព្រៃធំប៉ុណ្ណាទេ! ពីមុន នរណាមិនថា ផែនដីសំប៉ែត ហើយបើមានអ្នកណាថា ផែនដីមូល គឺជាមនុស្សល្ងង់ ប៉ុន្តែទីបំផុត ឥឡូវផែនដីមូល ឬសំប៉ែត ? អ្នកណាល្ងង់ អ្នកណាឆ្លាត? គំនិតទុកចិត្តចំពោះលោក កឹម សុខា ត្រូវតែមាន ប៉ុន្តែគំនិតប្រុងប្រយ័ត្នចំពោះលោក កឹម សុខា ក៏មិនត្រូវអត់ដែរ! អ្នកនៅក្នុងគណបក្ស សង្រ្គោះជាតិស្គាល់គណបក្សនេះច្បាស់ជាងនរណាៗទាំងអស់។ គណបក្សនេះមិនទាន់រួមគ្នាជាសាច់តែមួយនៅឡើយទេ គឺនៅប្រុងប្រយ័ត្នរៀងៗខ្លួននៅឡើយ។ គណបក្សដើមទាំងពីរ គឺគណបក្ស សម រង្ស៉ី និងគណបក្ស សិទ្ធិមនុស្ស មិនទាន់បានរំលាយចោលនៅឡើយទេ ហើយទាំងលោក សម រង្ស៉ី ទាំងលោក កឹម សុខា សុទ្ធតែបានទុកផ្លូវក្រោយរៀងៗខ្លួន។ ចង់ឱ្យយោបល់តូចមួយទៅលោក សម រង្ស៉ី និងក្រុមរបស់លោក សម​ រង្ស៉ី ដែរថា អ្វីៗប្រាកដជាហួសពេលហើយ ដែលបានកើតឡើង រហូតមកដល់ថ្នាក់លោក សម រង្ស៉ី បានសម្រេចលាលែងតំណែងពីប្រធានបក្សយ៉ាងទាន់ហន់នេះ គឺជាផែនការ ឬរបៀបវារៈនយោបាយរបស់លោក កឹម សុខា ឬរបស់ក្រុមដែលស្និទ្ធនឹងលោក កឹម សុខា។

៨៖ តើនឹងមានអ្វីកើតឡើងសម្រាប់លោក កឹម សុខា? តើអ្វីដែលជាមហិច្ឆតានយោបាយរបស់លោក កឹម សុខា ? ចំពោះលោក កឹម សុខា ការលាលែងតំណែងរបស់លោក សម​ រង្ស៉ី បានធ្វើឱ្យលោកបានក្លាយជាប្រធានបក្សស្តីទីពេញសិទ្ធិដោយស្របច្បាប់ និងមានហេតុផលនយោបាយសមស្រប ព្រមទាំងមានអំណាចពេញលេញ ដែលអនុញ្ញាតឱ្យលោក កឹម សុខា អាចចាត់ចែងការងារក្នុងបក្សបានរហូតដល់មានសមាជជ្រើសរើសប្រធានគណបក្សថ្មី។ លោក កឹម សុខា និងក្រុមរបស់លោក កឹម សុខា កំពុងមានប្រៀបផ្លូវច្បាប់ និងនយោបាយមួយជំហានទៅមុនលោក សម រង្ស៊ី និងក្រុមរបស់លោក សម រង្ស៉ី ទាក់ទងនឹងការរើសប្រធានថ្មី។ សមាជនាពេលខាងមុខ ប្រធានថ្មី ក៏ត្រូវតែជាលោក កឹម សុខា ដែរ ព្រោះពីនេះតទៅ ចំពោះមុខអវត្តមានលោក សម រង្ស៉ី ពីឆាកនយោបាយរបស់គណបក្សសង្រ្គោះជាតិ តើនរណាដែលមានសមត្ថភាព និងហ៊ានឡើងធំជាងលោកប្រធានស្តីទីបច្ចុប្បន្ន? ខាងលោក សម រង្ស៉ី ខំដើរឃោសនាឱ្យលោក កឹម សុខា ជាមនុស្សទី២ របស់បក្ស ក្នុងនាមជាប្រធានស្តីទីបក្សយូរហើយ ឥឡូវដល់ពេលសមល្មមដើម្បីលោក កឹម សុខា ធ្វើប្រធានគណបក្សពេញសិទ្ធិ ក្តោបយកបក្សទាំងមូលតែម្តង! ដាក់ទុន ៣ កៅអី ឥឡូវ យកបក្សបានទាំងមូល! គួរឱ្យសរសើរ គួរឱ្យសរសើរ!

គណបក្សសង្រ្គោះជាតិមានពេល៩០ថ្ងៃ ដើម្បីចាត់ចែងជ្រើសរើសប្រធានថ្មី ក្រោយពេលច្បាប់ចេញ ដូចនេះមិនមែនត្រូវចាំរហូតដល់ពេលធ្វើសមាជក្នុងខែមេសា ឆ្នាំ២០១៨ នោះទេ។ ច្បាប់ធំជាងលក្ខន្តិកៈគណបក្ស ប្រយ័ត្នមិនគោរពច្បាប់ បក្សរលាយ! លោក សម រង្ស៉ី និងក្រុមរបស់គាត់ ក៏គួរកត់សំគាល់ផងដែរថា ក្រោយលោក សម រង្ស៊ី លាលែងពីប្រធានបក្សភ្លាម កញ្ញា កឹម មនោវិទ្យា កូនស្រីសំណព្វចិត្តរបស់លោក កឹម សុខា ដែលជាមនុស្សចូលចិត្តនិយាយត្រង់ អំពីរឿងក្នុងចិត្តរបស់ខ្លួន និងជាអ្នកធ្លាប់រិះគន់លោក សម រង្ស៉ី ថា រត់គេចយករួចខ្លួនទៅក្រៅប្រទេស បានសរសេររឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុង Twitter របស់ខ្លួនថា លោក សម រង្ស៉ី លែងជាមនុស្សសំខាន់របស់គណបក្សសង្រ្គោះជាតិតទៀតហើយ ព្រោះគណបក្សក្រោមការដឹកនាំរបស់ឪពុករបស់កញ្ញា បានក្លាយជាគណបក្សនៃទស្សនៈគំនិត មិនមែនជាគណបក្សបែបបុគ្គលនិយម ដូចក្រោមការដឹកនាំរបស់លោក សម រង្ស៉ី ឡើយ។ តាមក្បួនយុទ្ធសាស្រ្ត នយោបាយនេះហើយគេហៅថា វិធីបន្សាបឥទ្ធិពលនៃតួអង្គរបស់ដៃគូ ! ដូចនេះ តើអ្វីជាសេណារីយ៉ូដើម្បីឈានទៅសម្រេចគោលដៅនយោបាយរបស់លោក កឹម សុខា ?

៩៖ ជំហានទី១ គឺត្រូវធ្វើបំភ័យលោក សម រង្ស៉ី ដោយផ្ទាល់ ឬដោយប្រយោល និងលួងលោមលោក សម រង្ស៉ី ឱ្យលាលែងពីតំណែងប្រធានបក្ស។ ជំហានទី២ គឺរកការធានាមួយពីលោក សម រង្ស៉ី ឡើងធ្វើជាប្រធានស្តីពីពេញសិទ្ធិ ដោយមានការសន្យាជាថ្នូរ សម្រាប់អនាគត។ ជំហានទាំងពីរនេះបានទទួល ជោគជ័យរួចហើយ។ ចាប់ពីពេលនេះតទៅ សម រង្ស៉ី គឺត្រូវការលោក កឹម សុខា ហើយរណបលោក កឹម សុខា ប៉ុន្តែលោក កឹម សុខា នឹងមិនបោះបង់លោក សម រង្ស៉ី ភ្លាមទេ ពោលគឺត្រូវលួងលោមលោក សម រង្ស៉ី ប្រើសិន ដោយម្យ៉ាង មនុស្ស សម រង្ស៉ី មានចំនួនច្រើនជាងទាំងថ្នាក់ដឹកនាំ ទាំងថ្នាក់ក្រោម ហើយម្យ៉ាងទៀត លោក សម​ រង្ស៉ី នៅមានប្រជាប្រិយភាពដើម្បីទាក់ទាញការគាំទ្រឱ្យលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិរបស់លោក។ ប្រើបាន ចេះតែប្រើសិនទៅ ! ជំហានទី ៣ គឺការឡើងធ្វើប្រធានបក្សពេញសិទ្ធិ នៅក្នុងរយៈពេល៩០ថ្ងៃក្រោយពេលច្បាប់ចេញ។ ជំហានទី ៤ គឺ ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតព្រឹទ្ធសភានៅដើមឆ្នាំ២០១៨, កឹម សុខា ត្រូវសម្របសម្រួលឱ្យបញ្ជីបេក្ខជន របស់គណបក្សសង្រ្គោះជាតិចេញ កុំឱ្យមានបញ្ហាធ្វើយ៉ាងណាកុំឱ្យ សម រង្ស៉ី និងក្រុមលោក សម រង្ស៉ី ដឹងអំពីល្បិចកលនយោបាយរបស់គាត់។

ទៅថ្ងៃក្រោយ នៅពេលសម្រេចផែនការ គឺសមាជិកក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិទាំងមូល រួមទាំងសមាជិកព្រឹទ្ធសភា គឺជារបស់គណបក្សសង្រ្គោះជាតិ មានន័យថា ជារបស់លោក កឹម សុខា ដូចនេះ មិនត្រូវធ្វើខ្លួនចង្អៀតចង្អល់ពេកទេ ព្រោះឥឡូវ ជាមេបក្សគណបក្សសង្រ្គោះជាតិ មិនមែនជាមេបក្ស សិទ្ធិមនុស្សទេ។ ជំហានទី៥ គឺការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ ២០១៨ និងជំហានទី ៦ គឺការទប់លោក សម រង្ស៉ី មិនឱ្យវិលមកធ្វើប្រធានបក្សវិញ! ជំហានទី៦ នេះ ស្រួលជាងគេ ព្រោះបើលោក កឹម សុខា មិនព្រមឱ្យលោក សម រង្ស៉ី ចូលវិញមិនរួចទេ !

១០៖ សំណួរសួរថា តើការបោះឆ្នោតនៅឆ្នាំ២០១៨ នរណាជាបេក្ខភាពនាយករដ្ឋមន្រ្តី? លោក កឹម សុខា ដែលនឹងឡើងធ្វើប្រធានបក្សនាពេលខាងមុខ នឹងនិយាយថា ដោយសារលោក សម រង្ស៊ី លែងជាសមាជិ​កបក្ស និងមិនមានឈ្មោះជាតំណាងរាស្រ្ត និងជាជនកំពុងរួតរឹតដោយទោស ដូច្នេះ មិនអាចដាក់ឈ្មោះលោក សម រង្ស៊ី ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីបានទេ ព្រោះខុសច្បាប់។ ដូច្នេះត្រូវបង្ខំចិត្តដាក់ឈ្មោះគាត់ កឹម សុខា ដែលជាប្រធានបក្ស និងជាបេក្ខភាពនាយករដ្ឋមន្រ្តី ដើម្បីឃោសនាសិន ហើយបើឈ្នះ ចាំសារ៉េ សារ៉ង់ ឱ្យលោក សម រង្ស៊ី មកធ្វើជានាយករដ្ឋមន្រ្តី ហើយពេលឃោសនា និយាយចឹងដូចគ្នា។ រឿងនេះ ឡូហ្សិក រឿងអី សម រង្ស៊ី និងខាង សម រង្ស៊ី មិនយល់ព្រម។ ដូចនេះលោក កឹម សុខា នឹងបានបេក្ខភាពនាយករដ្ឋមន្រ្តី ហើយលោក សម រង្ស៊ី បន្តធ្វើជានាយករដ្ឋមន្រ្តីឧទាហរណ៍បន្តទៀត! Sic!

សេណារីយ៉ូទៅថ្ងៃមុខត្រូវបានគេមើលឃើញថា៖ ទី១. សេណារីយ៉ូឈ្នះ៖ បើចៃដន្យឈ្នះ តើ កឹម សុខា សុខចិត្តឱ្យលោក សម រង្ស៊ី ឡើងធ្វើជានាយករដ្ឋមន្រ្តីទេ? ហាហា! ចម្លើយថា ទេ! កឹម សុខា នឹងប្រាប់ទៅលោក សម រង្ស៊ី ខ្ញុំមិនចង់ធ្វើនាយករដ្ឋមន្រ្តីទេ ហើយចង់ឱ្យល្បង ស៊ី ឯង ធ្វើជានាយករដ្ឋមន្រ្តី ប៉ុន្តែពេលឃោសនាយកឈ្មោះខ្ញុំទៅប្រើ ហើយខ្ញុំជាបេក្ខភាពនាយករដ្ឋមន្រ្តីផ្លូវការ នរណាមិនដឹងថា បើបក្សយើងឈ្នះឆ្នោត ខ្ញុំឡើងធ្វើជានាយករដ្ឋមន្រ្តី។ បើល្បងឡើងធ្វើជានាយករដ្ឋមន្រ្តី នោះគឺក្បត់ឆន្ទះរាស្រ្តបោះឆ្នោតឱ្យ ! Sic! តែល្បង ស៊ី កុំព្រួយអី ព្រោះពេលល្បង ស៊ី ឯងអត់ធ្វើជាប្រធានបក្ស ក៏បក្សនេះឈ្នះដែរ ដូច្នេះរឿងសង្រ្គោះជាតិ ទុកឱ្យគណបក្សធ្វើល្បង ស៊ី ឯង លែងនៅក្នុងគណបក្សហើយ នរណាក៏ដឹងដែរ! ចំណុចកូនស្រី កឹម សុខា ក៏ធ្លាប់បញ្ចេញតាម Twitter ដែរថា ក្រោមការដឹកនាំរបស់ឪពុកកញ្ញា គឺលោក កឹម សុខា គណបក្សសង្រ្គោះជាតិបានក្លាយទៅជាគណបក្សនៃទស្សនៈគំនិត មិនមែនជាគណបក្សបែបបុគ្គលនិយមដូចក្រោមការដឹកនាំរបស់លោក សម រង្ស៊ី នោះទេ ហើយជ័យជម្នះខាងមុខរបស់គណបក្ស ក៏មិនមែនដោយសារ សម រង្ស៊ី ដែរ គឺចង់សំដៅថា អត់ សម រង្ស៊ី ក៏គណបក្ស ក្រោមការដឹកនាំរបស់ឪពុកកញ្ញា ក៏អាចឈ្នះដែរ។ សរសេរបានមួយថ្ងៃ ក៏លុបចេញបាត់ពី Twitter ដោយខ្លាចគេដឹងល្បិចកលនេះ។

សេណារីយ៉ូនេះ គឺគ្រោះថ្នាក់សម្រាប់លោក សម រង្ស៊ី បើលោក សម រង្ស៊ី នៅមានមហិច្ឆិតាធ្វើជានាយករដ្ឋមន្រ្តី ហើយការលាលែងនោះ គ្រាន់តែជាលប់ឡែ ជាការលាលែងមួយដែលមិនស្មោះត្រង់ ព្រោះបើ សម រង្ស៊ី មិនព្រម កឹម សុខា នៅតែអាចធ្វើជានាយករដ្ឋមន្រ្តី ព្រោះអាចសហការជាមួយគណបក្សផ្សេងទៀតនៅរដ្ឋសភា ដើម្បីឱ្យបាន ៥០% បូកមួយ រឿងអីមិនបាន! ទី២. សេណារីយ៉ូចាញ់៖ បើចាញ់វិញ កឹម សុខា អត់មានអីខាតទាំងអស់ មិនត្រឹមតែមិនខាតទេ គឺថែមទាំងអាចឡាំប៉ាឱ្យលោក សម រង្ស៊ី គោរពកិច្ចព្រមព្រៀងនយោបាយពីមុនថា នៅរដ្ឋសភា គឺកូតាខាងគាត់! Sic! អាណត្តិទី៥ គឺបង្ហាញច្បាស់ ! ពេលលោក កឹម សុខា ធ្វើបក្សចូលគ្នា ជាមួយលោក សម រង្ស៊ី លោក កឹម សុខា បានដឹងច្បាស់ថា មិនឈ្នះទេ ប៉ុន្តែគាត់បានទាញចំណេញរឿង៤ គឺ ទី១. អាចដឹកនាំបក្សជាប្រធានស្តីទី ព្រោះពេលនោះ សម រង្ស៊ី និរទេសខ្លួននៅក្រៅស្រុក ទី២. បញ្ចូលកម្លាំងឱ្យបាន៥០% នៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីន និងថ្នាក់ក្រោម ទី៣. ទាញប្រភពធនធានហិរញ្ញវត្ថុ ពីខាងក្រៅបានច្រើនសម្រាប់ខ្លួនឯង និងទី៤. បានអំណាចធំនៅរដ្ឋសភា ព្រោះដឹងច្បាស់ថាមិនឈ្នះ។ ដូច្នេះសន្យាឱ្យលោក សម រង្ស៊ី ធ្វើជានាយករដ្ឋមន្រ្តីចុះ ព្រោះដឹងតែអត់បាន ដឹងតែអត់ឈ្នះ! នេះជាសេណារីយ៉ូចំណេញបំផុតនៅពេលចាញ់ !

​​១១៖ ឥឡូវនេះក្តីសុបិន្តរបស់លោក កឹម សុខា ឈានដល់ការពិតជាបណ្តើរៗហើយ ចំណែកឯលោក សម រង្ស៉ី វិញ គឺរាសីនយោបាយ ដាក់យកតែមែនទែន ចាញ់ហើយចាញ់ទៀត ចាញ់គេហើយចាញ់គ្នាឯងទៀត ហើយទីបំផុតជីវិតនយោបាយរបស់លោក សម រង្ស៉ី នៅក្នុងគណបក្សសង្រ្គោះជាតិ នឹងត្រូវបញ្ចប់ជាស្ថាពរក្នុងរវាង៩០ថ្ងៃទៀត។

បើលោក កឹម សុខា អាចសម្រេចមហិច្ឆិតាធ្វើជាប្រធានបក្សបានជោគជ័យនាសមាជខាងមុខនេះ នោះការលាលែងក្លែងក្លាយរបស់លោក សម រង្ស៉ី នឹងក្លាយជាការលាលែងយ៉ាងពិតប្រាកដជាស្ថាពរពីគណបក្សសង្រ្គោះជាតិ។ លាលែងលេងៗ បាត់តំណែងប្រធានមែនទែន! នេះហើយជាជំហានមរណៈ សម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៉ី នៅក្នុងគណបក្សសង្រ្គោះជាតិ។ បើលោក កឹម សុខា សម្រេចមហិច្ឆិតាចុងក្រោយហើយ ទោះលោក សម​ រង្ស៉ី ចង់ ឬមិនចង់ គឺបានត្រឹមតែឈរមើល ព្រោះអំណាចនៅក្នុងដៃលោកប្រធាន កឹម សុខា, អ្នកណាមិនសុខចិត្ត បានត្រឹមតែដើរចេញ ហើយទៅគណបក្សសម​រង្ស៉ី ដើមវិញ។ អ្នកដើរចេញត្រូវបាត់បង់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, អាចសមាជិកព្រឹទ្ធសភាទៀត និងសមាជិករដ្ឋសភា ព្រោះមុខតំណែងនេះ គឺជារបស់គណបក្សសង្រ្គោះជាតិ គ្មានឈ្មោះលោក សម​ រង្ស៉ី នោះទេ។ ជូនពរឱ្យការលាលែងរបស់លោក សម រង្ស៉ី បានដូចបំណងប្រាថ្នានាពេល៩០ ថ្ងៃខាងមុខ!

ដោយ៖ បក្សីចាំក្រុង