(ភ្នំពេញ)៖ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការពង្រឹងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូន​សេវាកម្មដែលងាយ​ស្រួល រហ័ស និងមានសុវត្ថិភាព ធនាគារឯកទេសវីង ដែលជាធនាគារផ្តល់សេវាហិរញ្ញវត្ថុ​តាមទូរ​ស័ព្ទដៃ ឈានមុខគេ​ក្នុងប្រទេសកម្ពុជា បានផ្តល់ជូនការបង់វិក្កយបត្រអគ្គីសនី ​ដោយមិនគិតថ្លៃសេវាតាមរយៈគណនីវីង សម្រាប់វិក្កយបត្រដែលតិចជាង ឬស្មើ១០ ម៉ឺនរៀល។

ថ្លែងនៅក្នុងកិច្ចប្រជុំ កំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា​ឆ្នាំ២០១៧  អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group បានឲ្យដឹងថា ​​ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ជីវភាពប្រជាជន វីងបានអនុញ្ញាត​ឲ្យអតិថិជនអាចបង់វិក្កយបត្រអគ្គិសនី របស់ខ្លួនតាមរយៈគណនីវីង ដោយមិនគិតថ្លៃសេវាឡើយ នៅពេលដែលវិក្កយបត្រ​មានចំនួនទឹកប្រាក់តិចជាង ឬស្មើ១០ម៉ឺនរៀល ដែលចំណុចនេះ បានផ្តល់អត្ថប្រយោជន៍ ដល់ក្រុមគ្រួសារខ្មែររាប់ពាន់​នា​ក់​ទូទាំងប្រទេស។

តាមរយៈអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានបង្ហាញផងដែរថា ការមិនយកថ្លៃ​សេវាបង់​អគ្គិសនីនេះ បានជួយសម្រួលដល់ជីវភាពរបស់ប្រជាជនកម្ពុជាមួយកម្រិត ដោយពួកគាត់អាចសន្សំសំចៃប្រាក់កាស និងចំណាយ​តិច ក្នុងការប្រើប្រាស់អគ្គីសនី ហើយ វីងគួរតែបន្តអនុវត្តបន្ថែមទៀត ដើម្បីចូលរួមចំណែក​ដល់ការអភិវឌ្ឍ​ប្រទេសកម្ពុជា។

ឆ្លើយតបទៅនឹងបញ្ហានេះ​ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីង បានលើកឡើងថា «យើងបានអនុវត្​តការផ្តល់ជូននេះរួចហើយ​ ព្រមទាំងទទួលបានការគំាទ្រយ៉ាងច្រើនពីអតិថិជនផងដែរ ឥឡូវនេះយើងក៏កំពុង​សម្លឹងមើល​ក្នុងការផ្តល់ជូនផ្សេងៗទៀតផងដែរ ដើម្បីជួលសម្រួលដល់អតិថិជនរបស់យើង»។

ដើម្បីទូទាត់វិក្កយបត្រអគ្គីសនី​ តាមរយៈគណនីវីង អតិថិជនអាចចុច *989# ហើយ​ជ្រើសរើសលេខ ៥ Bills Payment ឬក៏ប្រើកម្មវិធីស្មាតហ្វូនវីង​ ដែលលោកអ្នកអាចទាញយកបានពី Google Play store សម្រាប់ប្រភេទទូរស័ព្ទ Android ឬពី App Store សម្រាប់ប្រភេទទូរស័ព្ទ iOS។

សម្រាប់ព័ត៌មានបន្ថែមពីសេវាកម្មវីង សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ០២៣ ៩៩៩ ៩៨៩/០១២ ៩៩៩ ៤៨៩ ឬមកកាន់ គេហទំព័រ www.wingmoney.com៕