(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា សម្រាប់លទ្ធផល​ការងារ​ប្រចាំ ឆ្នាំ២០១៦ ក្រសួងការងារ​ បានជួយសង្គ្រោះកុមារកម្ពុជា ចេញពីករណីពលករកុមារបានចំនួន ជាង៣ពាន់នាក់ និងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពួកគេផងដែរ។

ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា លទ្ធផលការងារឆ្នាំ២០១៦ ក្រសួងការងារបានដកហូត និងទប់ស្កាត់ពលកម្មកុមារចំនួន «៣,៤២១នាក់»។

លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងការងារក៏បានណែនាំម្ចាស់សិប្បកម្មឡឥដ្ឋ ឲ្យរៀបចំបែងចែកទីកន្លែងស្នាក់នៅរបស់កម្មករ ឲ្យដាក់ចេញពីទីតាំងសង្វាក់ផលិត ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ ដល់កុមារដែលស្នាក់នៅ​ជាមួយឪពុក​ម្តាយ «ដែលអាចនាំឲ្យមានការយលច្រឡំថា ជាពលកម្មកុមារនៅក្នុងសិប្បកម្មឡឥដ្ឋ»។

ទោះយ៉ាងណា ក្រសួងការងារបានដាក់ទិសដៅការងារ ជំរុញការអនុវត្តផែនការសកម្មភាពជាតិ ស្ដីពី ការកាត់បន្ថយ​ពលកម្ម​កុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ២០១៦-២០២៥ ក៏ដូចជាទិសដៅការងារមួយចំនួនទៀត ដែលក្រុម​មន្រ្តីពាក់ព័ន្ធកំពុងចុះប្រតិបត្តិការផងដែរ៕