(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងចម្រុះរួមមាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ កម្លាំងកងពលធំអន្តរាគមន៍លេខ៣ មន្ទីពាក់ព័ន្ធ និងអជ្ញាធរស្រុកជាំក្សាន្ត ស្រុកឆែប បានចុះត្រួតពិនិត្យបញ្ហាបទល្មើស ដែលកើតមានឡើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ។

នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា​ បានចុះត្រួតពិនិត្យមើលក្រុមហ៊ុនឈើ ដែលកង​រាជអាវុធហត្ថលើផ្ទៃប្រ​ទេសដឹកនាំដោយ ​នាយឧត្តមសេនីយ៍ សៅ សុខា ចុះបង្ក្រាបកាលពីជាងមួយខែមុន។

បន្ថែមពីនេះ  លោកអភិបាលខេត្ត បានសំណូមពរឲ្យសមត្ថកិច្ច ដែលមើលថែនៅទីនេះ ត្រូវមើលថែរក្សាវត្ថុតាងឲ្យបានល្អ​ជៀសវាង មានការបាត់បង់ដោយប្រការណាមួយ។

គួរបញ្ជាក់ថា រយៈពេលកន្លងមក តាមខ្សែរបន្ទាត់ព្រំដែន មានកើតបទល្មើសជាច្រើនប្រភេទដូចជា​៖ បទល្មើសកាប់បំផ្លាញព្រៃឈើ, បទល្មើសលួចឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងដីថៃ, បទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។ ​

បទល្មើសទាំងនេះ គឺលោក អ៊ុន ចាន់ដា បានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែនដី ពិសេសកម្លាំងដែលឈរជើង​តាមបន្ទាត់​ព្រំដែន ត្រូវធ្វើការបង្ក្រាប និងទប់ស្កាត់ឲ្យបាន៕