(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំមន្រ្តីរាជការការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ព្រមទាំង ប្រជាពលរដ្ឋធ្វើយុទ្ធនាការសំអាតបរិស្ថានក្នុងក្រុងស្ទឹងត្រែង ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ ដែលគ្រោងធ្វើឡើងនាខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។

យុទ្ធនាការសំអាតបរិស្ថានដែលធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ មានអ្នកចូលរួមប្រមាណជិត១,០០០នាក់។ យុទ្ធនាការសំអាតទីក្រុងនេះ នឹងត្រូវធ្វើឡើងរៀងរាល់ថ្ងៃព្រហស្បត្តិ៍ តាមដងផ្លូវនានាក្នុងក្រុងស្ទឹងត្រែង។

លោកអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដោយទទូចឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសំអាតទីក្រុង ដោយទុកដាក់កាកសំណល់ និងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីធានាបានសោភណភាពស្រស់ស្អាត។

សូមរម្លឹកថា នៅចុងខែមីនា ខេត្តស្ទឹងត្រែងនឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យទន្លេលើកទី៣ ដែលលើកទី១ ត្រូវបានធ្វើឡើងខេត្តក្រចេះ លើកទី២ នៅក្នុងខេត្តកំពង់ចាម។ ពិធីបុណ្យនេះ ក្នុងបំណងផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទស្សនាកម្សាន្តនៅតាម ខេត្តជាប់ដងទន្លេ៕