(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំមួយ នៅវេលាម៉ោង៨៖៣០ព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយនៅលើទំព័រ Facebook ថា កិច្ចប្រជុំស្អែកនេះ មានរបៀបវារៈចំនួន២នេះ រួមមាន ៖

១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគ​បន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។

២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»