(បន្ទាយមានជ័យ)៖ លោក ចៅ វាសនា ចៅសង្កាត់រងទី២កូតាគណបក្ស សម រង្ស៊ី នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការចេញដីកាសម្រេចឃុំខ្លួន ដាក់ពន្ធនាគារនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីដឹកនាំកម្មករអូសរទេះ និងមនុស្សមួយចំនួនទៀត ធ្វើការតវ៉ារហូតវាយបំផ្លាញទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែតកាលពីឆ្នាំ២០១៥កន្លងទៅ។

លោក ចៅ វាសនា ត្រូវបានកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ​ ចាប់ខ្លូននៅថ្ងៃនេះ រួចហើយបញ្ជូនទៅតុលាការ រហូតមានដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្តង។

យោងតាមដីកាសម្រេចឲ្យឃុំខ្លួនរបស់លោកចៅក្រម ឯក ប៉ូលីហ្វីល ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧បានបញ្ជាក់ថា «លោក ចៅ វាសនា ហៅវែង ឬថូវ អាយុ៥៣ឆ្នាំ ជាចៅសង្កាត់រងទី២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ, សមគំនិតក្នុង​អំពើធ្វើឲ្យ​ខូចខាត ដោយចេតនា (ស្ថានទម្ងន់ទោស) និងបំផ្លិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ... ដែលប្រព្រឹត្តទៅ​នៅមុខ​ការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥»

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ដោយសារតែខឹងខាងមន្រ្តីគយតម្រូវឲ្យចូលបង់ពន្ធ ក្រុមកម្មករអូសរទេះ បាននាំគ្នាធ្វើការ តវ៉ានៅក្រុងប៉ោយប៉ែត ដោយបិទកំណាត់ផ្លូវជាតិលេខ៥ រហូតផ្ទុះអំពើហិង្សាកាន់តែខ្លាំង នាំគ្នាយកដុំថ្មគប់ ទៅយ៉ាងប្រសាច លើទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត បណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ព្រមទាំង​រថយន្ដផងដែរ។ នៅពេលនោះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននាំគ្នាទៅជួយ អន្ដរាគមន៍ជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់អំពើហិង្សាមួយនេះ រហូតមានការបាញ់ផងដែរ៕