(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា វិស័យអប់រំកំពុងអនុវត្ដផែនការ យុទ្ធសាស្ដ្រលុបបំបាត់អក្ខរកម្ម ឆ្នាំ២០១៧ ដល់២០២០។

លោកស្រី ម៉ែន សំអន បន្តឲ្យដឹងថា រាជរដ្ឋាភិបាល នឹងនូវតែបន្ដផ្ដល់ការលើកទឹកចិត្ដ ដល់អង្គការ ស្ថាប័នឯកជននានា បន្ដធ្វើ ជាដៃគូរ ជាមួយសាលារដ្ឋ ព្រោះថា វិសយ័អប់រំ ជាកម្លាំងដឹកនាំចរិយាធម៌សង្គមឲ្យមនុស្សគ្រប់រូប នៅទូទាំងពិភពលោក ពិសេស បញ្ចាក់អំពីអរិយធម៌យ៉ាងច្បាស់ របស់ប្រទេសនីមួយៗ។ មិនតែប៉ុណ្ណោះ ការអប់រំទាំងអស់ ក៏បានចូលរួម ដើម្បីជាគុណប្រយោជន៍ ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយផងដែរ។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកស្រី បានចូលរួមសម្ពោធ ដាក់ឲ្យដំណើរការសិក្សា រៀនសូត្រ សាលាមធ្យមសិក្សា NEESON CRIPPS ១ខ្នង ៥ជាន់ មាន៣២បន្ទប់ ចំណាយថវិកាអស់ ប្រមាណជាង៣លានដុល្លារ របស់អង្គការមូលនិធិកុមារកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

បន្ថែមពីលើនេះ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង ៥ជាន់ ស្មើ៣២ បន្ទប់ របស់អង្គការមូលនិធិកុមារកម្ពុជា គឺស្របទៅនឹងការរីកចម្រើន របស់ប្រទេសជាតិ ដោយឈរលើទស្សនអភិរក្ស ដែលជាកម្លាំងដឹកនាំចរិយាធម៌សង្គម។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានសំណូមពរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំ បន្តចូលរួមបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បរួមគ្នាគាំទ្រជំរុញ មិនឲ្យមាននណាម្នាក់ នៅក្រៅសេវាអប់រំ និងត្រូវបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ឲ្យក្លាយជាធនធានមនុស្ស ដែលមានសមត្ថភាព និងជំនាញ ខ្ពស់គ្រប់ៗគ្នា ប្រកបដោយសក្ដានុពល សម្រាប់ពេលអនាគត ។

លោកស្រី ក៏បានពាំនាំនូវប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ថា ការពង្រឹងគុណភាពវិស័យអប់រំ គឺត្រូវផ្សារភ្ជាប់ជាមួយ វិស័យឯកជនផងដែរ។ ការបើកទីផ្សារទូលាយ លើវិស័យអប់រំនេះ ក៏ដើម្បីលើកកម្ពស់គុណភាព ចំណេះដឹង និងធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ។

លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំ រួមជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដទៃទៀត បានប្ដេជ្ញាចិត្ដ ខិតខំពង្រឹងការអនុវត្ដគោលនយោបាយយុទ្ធសាស្ដ្រ កម្មវិធីដែលបានកំណត់កន្លងមក និងបញ្ចូលនូវអាទិភាព និងសកម្មភាពការងារថ្មីៗ ក៏ដូចជាវិធានការកំណែទម្រង់អាទិភាព ១៥ចំណុច ដោយឈរលើមូលដ្ឋាន សសរស្ដម៥ របស់ក្រសួងអប់រំ។

ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន សំអន ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន ជាថវិកា សរុប២០លានរៀល ជូនអង្គការមូលនិធិកុមារកម្ពុជា នាពេលនេះផងដែរ៕