(ភ្នំពេញ)៖ ចៅសង្កាត់រងទី២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវបានចៅក្រមសាលាដំបូង រាជធានីភ្នំពេញ លោក អ៊ី ថាវរៈ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារសាធារណៈ» តាមមាត្រា៦២៦ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ។

មន្រ្តីតុលាការរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ លី សុគន្ធ ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅផ្ទះលេខ១៨ ផ្លូវលេខ២៧៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានតួនាទីជាចៅសង្កាត់រងបឹងកក់១ ខណ្ឌទួលគោក។

បើតាមមន្រ្តីតុលាការ លោក លី សុគន្ធ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារសាធារណៈ» តាមមាត្រា៦២៦ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅសាលាសង្កាត់បឹងកក់១ ខណ្ឌទួលគោក ពាក់ព័ន្ធនិងករណីក្លែងបន្លំប័ណ្ណ អ្នកសង្កេតការបោះឆ្នោតឲ្យអ្នកដទៃប្រើប្រាស់៕