(ភ្នំពេញ)៖ នៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នៅថ្ងៃនេះ បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែង ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ១១ - I Am a Role Model -11th ដើម្បីបង្ហាញ និងចែករំលែកអំពើល្អ នៃសកម្មភាពមនុស្សធម៌ ក្នុងសង្គមជាតិ ដែលជាគំរូល្អដល់យុវជន និងប្រជាពលរដ្ឋទូទៅ។

ចំនួនស្នាដៃដែលនឹងត្រូវជ្រើសរើសរួមមាន វីដេអូរ៣, កំណាព្យនិងអត្ថបទ៣, ចម្រៀង២ និងគំនូរ២។

បេក្ខជនបេក្ខនារីទាំង១០ ដែលបានជាប់ TOP-១០ ចេញពីការប្រកួត នៅលើគេហទំព័រសម្តេចតេជោនាយករដ្ឋមន្រ្តី (First vote) គឺនឹងយកទៅបោះឆ្នោតប្រកួត លើកចុងក្រោយ (Final Vote) នៅលើគេហទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន ដើម្បីបោះឆ្នោតយកលេខ ១ (TOP-1) ។

លក្ខខណ្ឌចូលរួម ១៖ ត្រូវមាន Facebook Account ប្រើឈ្មោះនិងរូបថតពិតប្រាកដ, ២៖ Like/Share Page សម្តេចតេជោ, ៣៖ ធ្លាប់បានធ្វើ និងកំពុងបន្តធ្វើអំពើល្អក្នុងសង្គម, ៤៖ ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា, ៥៖ មិនមែនគ្រាន់តែជាគំនិតស្រមើរស្រមៃតែគឺជាសកម្មភាពពិត ៦៖ មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ, ៧៖ ជ័យលាភីដែលធ្លាប់បានជាប់លេខ១ ដល់លេខ ១០ (Top1-Top 10) ក្នុងកម្មវិធីនេះពីមុនមក (តាំងវីវគ្គទី១-វគ្គ១០) គឺមិនអាចចូលរួមប្រកួតប្រជែងបានឡើយ ប៉ុន្តែអាចចូលរួមប្រកួតវគ្គពិសេសទី១២។

សូម Upload វីដេអូឃ្លីប (Video Clip) , ចម្រៀង , កំណាព្យ និង រូបភាព ទៅកាន់គេហទំព័រ សម្តេចតេជោ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះកុះបីខាន! ព័ត៌មានបន្ថែម ០១៧ ៣៥៣ ៩៩៧, ០៧៧ ៦៥៨ ៨៩៩៕