(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យ របស់មូលនិធិ « ស្តាឃី» សហរដ្ឋអាមេរិកចុះមកពិនិត្យ និងព្យាបាលជម្ងឺ «គ-ថ្លង់» ជូនប្រជាពលរដ្ឋមកពីរាជធានី-ខេត្ត ចំនួន៥។

ការចុះពិនិត្យ និងព្យាបាលជម្ងឺ «គ-ថ្លង់» ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានធ្វើឡើងនៅខណ្ឌឬស្សីកែវ ដោយធ្វើឡើងចាប់ពីថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួមផងដែរពី លោកស្រី ឡោក ខេង តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលភ្នំពេញ អភិបាលខណ្ឌឬស្សីកែវ ព្រមទាំងក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើននាក់ផងដែរ។

លោក សែម គន្ធា ក្រុមការងារដែលរៀបចំកម្មវិធីនេះបានឲ្យថា រហូតមកដល់ថ្ងៃនេះ មានប្រជាពលរដ្ឋជិត៧០០នាក់ ហើយដែលបានអញ្ជើញមកពី ខេត្តចំនួន៤រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា ចំពោះការធ្វើដំណើរមកពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋទាំងនេះ ត្រូវបានលោក ស សុខា ចេញថ្លៃទាំងអស់ ហើយពេលមកនេះ គឺក្រុមគ្រូពេទ្យបានចាក់ពុម្ភត្រចៀក និងបន្ទាប់មកគឺការព្យាបាលបន្តទៀត។

ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងខ្លាំង​ ចំពោះសកម្មភាពមនុស្សធម៌ដែលត្រូវបានរៀបចំឡើង ដោយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា នៅពេលនេះដែលធ្វើឲ្យពួកគាត់ អាចស្តាប់បានឡើងវិញ ហើយជាការផ្តល់ពន្លឺនូវជីវិតជូនពួកគាត់ ដែលរស់នៅក្នុងស្ថានភាព «គ-ថ្លង់» ជាយូរថ្ងៃមកហើយនោះ។

បើតាមលោក សែម គន្ធា ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យចំនួន១០០នាក់ ខេត្តបាត់ដំបងចំនួន១៤៥នាក់ ខេត្កពោធិ៍សាត់ចំនួន១៥០ ខេត្តព្រៃវែង ចំនួន២៦០នាក់ និងរាជធានីភ្នំពេញចំនួន១៥០នាក់ តែ២ថ្ងៃនេះ​ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលបានចំនួន៣០០នាក់។

ពិធីសំណេះសំណាលនេះនៅថ្ងៃម្សិលមិញ លោក ហ៊ុន ម៉ានី បានថ្លែងថា ការជួបជុំគ្នាជាមួយបងប្អូន ពូ មីង យាយ តា ទាំងអស់គ្នានៅពេលនេះ ក៏ព្រោះតែមានការយកចិត្តទុកដាក់ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា។

លោក ស សុខា ក៏បានថ្លែងថា ការពិនិត្យចាក់ពុម្ពត្រចៀកជូនបងប្អូនប្រជាពលរដ្ឋ «គ-ថ្លង់» នេះគឺវាមានតម្លៃថ្លៃណាស់ ប៉ុន្តែ ដោយសារតែសកម្មភាពមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោ ហ៊ុន សែន បា នធ្វើឲ្យក្រុមការងារយើង ចូលរួមសហការ មានទាំងមធ្យោបាយដឹកជញ្ជូនទាំងទៅ ទាំងមក និងផ្ដល់ទាំងអាហារសម្រន់ ព្រមទាំងទទួលបានទាំងការពិនិត្យចាក់ពុម្ពត្រចៀកដោយមិនមានអស់ថវិកា។

លោកបានបន្ថែមថា ក្រោយការពិនិត្យនិត្យ ចាក់ពុម្ពត្រចៀក ជូនបងប្អូនប្រជាពលរដ្ឋ «គ-ថ្លង់» ទាំងអស់រួចរាល់ រយៈពេល៣ថ្ងៃនេះ ក្រុមការងារ និងសម្រេចយកពុម្ពត្រ ចៀកទៅផលិតនៅសហរដ្ឋអាមេរិក ហើយក៏សុំឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំកុំភ្លេចឲ្យសោះថា បន្ទាប់ពី ផលិតពុម្ពត្រចៀករួចរាល់ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៣ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៧ខាងមុខ ក្រុមការងារយើង និងទំនាក់ទំនងយកពុម្ពត្រចៀកមកផ្ដល់ជូន ហើយផ្ដល់ជូនឲ្យប្រើប្រាស់ក្នុងមួយជីវិតតែម្ដង៕