(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានកោះអញ្ជើញមេបញ្ជាការរង ប្រធាន-អនុប្រធាន មន្ទីរ ការិយាល័យ មេបញ្ជាការវរសេនាតូច មេបញ្ជាការមូលដ្ឋាន អាវុធហត្ថ ខណ្ឌទាំង១២ មកចូលរួមក្នុងកិច្ចប្រជុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារ និងដាក់ចេញនូវផែនការចាំបាច់ដែលត្រូវអនុវត្តចំពោះមុខ។

នៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកឡើងបញ្ជាក់ យ៉ាងច្បាស់លាស់ ចំពោះអស់លោក ជាមេបញ្ជាការគ្រប់បណ្តាអង្គភាព ត្រូវយកអស់ស្មារតីប្រកប ដោយឆន្ទៈទទួលខុសត្រូវ ខ្ពស់ចំពោះតួនាទីភារកិច្ច ដោយសង្កត់ធ្ងន់លើការគ្រប់គ្រង ពង្រឹងវិន័យសណ្តាប់ធ្នាប់ក្នុងជួរកងកម្លាំង ធានាឆ្លើយតប បានគ្រប់ភារកិច្ច ដែលបានប្រគល់ឲ្យនូវលទ្ធផលល្អប្រសើរ និងត្រូវបង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវ បទល្មើស ចេញកម្លាំងល្បាត រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ចុះជួយប្រជាពលរដ្ឋ ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ នៅកន្លែងកកស្ទះ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធិមនុស្ស។

ជាមួយគ្នានោះឧត្តមសេនីយ៍ឯក បានធ្វើការព្រមានធ្ងន់ៗ ទៅលើមេបញ្ជាការអង្គភាពដែលមិនយកចិត្តទុកដាក់ត្រួតពិនិត្យ តាមដានសកម្មភាពការងាររបស់ សមាជិកក្រោមឱវាទ ធ្វេសប្រហែស បណ្តែតបណ្តោយឲ្យកើតមានឡើងនូវកំហុសឆ្គង ឬបាតុភាពអសកម្មផ្សេងៗដដែលៗ គឺមេបញ្ជាការសាម៉ីអង្គភាពនោះ ត្រូវតែទទួលវិន័យ៕