(កំពត)៖ រថយន្តបើកដឹកផ្លែដូង ដោយសារដាច់ម៉ែត្រចង្កូតកង់ បណ្តាលឲ្យក្រឡាប់ចាក់មនុស្សចោល រងរបួសធ្ងន់ស្រាល០៤នាក់ កាលពីម៉ោង០៤៖៣០រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីនគរបាលស្រុក បានឲ្យដឹងថា ជនរងគ្រោះ រួមមាន៖ ១-ឈ្មោះ ចឹក តយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងថ្ងាន់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត (របួសស្រាល) ២-ឈ្មោះ ស៊ី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកម្មករ ឃុំសំឡាញ(របួសស្រាល) ៣-ឈ្មោះ ពេក ប្រុស ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែជា ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត(របួសធ្ងន់) និង៤-ឈ្មោះ ជិន តន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅ ភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត (របួសស្រាល)។

មន្ត្រីដដែលបន្តថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោណ ពាក់ស្លាក់លេខឆ-៤៥០២ ភព២ បើកដឹកផ្លែដូងចេញពីភូមិ៨សាស្ត្រ ជិតកន្លែងកន្លែងកើតហេតុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដាច់ម៉ែត្រចង្កូត ខ្ទាតកង់ចេញ បណ្តាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ ធ្លាក់ជនរងគ្រោះចេញរបួសយ៉ាងដូច្នេះតែម្តងទៅ។

ក្រោយពេល ក្រឡាប់អ្នកបើករថយន្តបានគេចខ្លួនបាត់ រីឯវត្ថុតាងកម្លាំងនគរបាល បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយគ្នានាពេលក្រោយ៕