(ភ្នំពេញ)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានជួបជាមួយលោក កឹម សុខា ប្រធានស្តីទីគ្រប់គ្រងអំណាចគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ។ ជំនួបនោះ គឺបានផ្តោតលើបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយរបស់ទំព័រ ​Facebook ស្ថានទូត និងទំព័រ Facebook របស់ លោក កឹម សុខា។

Facebook ស្ថានទូតអាមេរិក បានផ្សព្វផ្សាយថា «លោកឯកអគ្គរដ្ឋទូត Heidt និងលោកប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ កឹម សុខា បានជួបគ្នា កាលពីម្សិលមិញ ដើម្បីពិភាក្សាពីការវិវឌ្ឍនយោបាយចុងក្រោយ និងសកម្មភាពនៅក្នុងរដ្ឋសភាជាតិ ដោយរួមទាំងច្បាប់ស្តីពីគណបក្សនយោបាយដែលកំពុងត្រូវបានពិចារណា»

ជំនួបរវាង អគ្គរដ្ឋទូតអាមេរិក ជាមួយលោក កឹម សុខា បានធ្វើឡើងស្របពេលដែល សំណើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានចូលដល់រដ្ឋសភា ហើយស្ថាប័នអំណាចនីតិបញ្ញត្តិនេះ គ្រោងនឹងបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីអនុម័ត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ច្បាប់នេះ កំណត់មិនឱ្យមានប្រធាន ឬអនុប្រធាន គណបក្សនយោបាយណាជាទណ្ឌិតនោះទេ។ លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ នៅមុនច្បាប់នេះ ត្រូវបានអនុម័ត៕