(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប្រជាការពារ បានចុះប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញា​ជួញដូរគ្រឿងញៀនបាន២នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ និងឧបករណ៍បម្រើឲ្យការជួញដូរជាច្រើនទៀត។ ប្រតិបត្តិការ​បង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមាត់ទឹក ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាប​មុខសញ្ញា ជួញដូរនូវសារធាតុញៀនខាងលើ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ រួមមាន ១-ឈ្មោះ ខ្វៃ ម៉េន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ២-ឈ្មោះ  ស៊ឹង សុទ្ធារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមព័ណ៌សថ្លា សង្ស័យថាសារធាតុញៀន ០១កញ្ចប់ធំ ដាវសាម៉ូរ៉ៃ ០២ដើម ទូរសព្ទដៃ ០៥គ្រឿង កូនកាំបិតស្នៀត ០២ដើម កូនកន្ត្រៃកាត់ថង់០១ អាំងស៊ីវទ័រឆក់ត្រី ០២គ្រឿង ជំពាមកៅស៊ូ០១ កាបូបតូចដាក់លុយ០២ ប្រដាប់ជក់មួយកំប្លេរ លុយខ្មែរជាង៣០ម៉ឺនរៀល លុយដុល្លារ ១០១ដុល្លា ស្នាប់ដៃ០១ ស្រោម​សំបុត្រធៀក​ការ​ដាក់ថ្នាំ០១ និងសម្ភារបម្រើឲ្យការជួញដូរមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រុវកម្លាំងនគរបាលបំពេញនីតិវិធី ដើម្បីបញ្ជូនឱ្យជំនាញខេត្តចាត់ការបន្ត៕