(ភ្នំពេញ)៖ នៅវេលាម៉ោង១១៖០០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គី តិច​ មេធាវីតំណាងដោយអាណត្តិ របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទី២ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាផ្លូវហើយ ដោយប្តឹង លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ ពីបទ «បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រកមុខឃាតកមិនឃើញ»

លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក្យបណ្តឹងទី២ សម្តេចតេជោ ហ៊ុន សែន សម្រេចប្តឹងទាមទារសំណងចំនួន១០លានរៀល បន្ថែមលើករណីទី១, បណ្តឹងទី២ប្តឹងពីបទបរិហាកេរ្តិ៍ ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ»

លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ ដែលបានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ខុសការពិត ហើយរងការប្តឹងពី សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន២ករណីនោះ បានចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៩៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈនេះ ដើម្បីស្នើសុំពន្យាពេលចូលបំភ្លឺ ដែលអយ្យការបង្គាប់ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១៧ ខែកុម្ភៈស្អែកនេះ, ទោះបីយ៉ាងណាមិនទាន់ទទួលបានព័ត៌មានថា តើតំណាងអយ្យការយល់ព្រម ឬយ៉ាងណានោះទេ។

លោក គឹម សុខ បាននិយាយនៅវិទ្យុអាស៊ីសេរី ក្នុងកិច្ចសម្ភាសន៍មួយនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧យ៉ាងដូច្នេះថា «គេនេះគឺសំដៅទៅលើប្រព័ន្ធ.... ប្រព័ន្ធមួយក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិមុនៗ....»

សូមជំរាបថា នាពេលថ្មីៗព្រះរាជអាជ្ញាបានចេញដីកាកោះហៅ លោក គឹម សុខ អ្នកវិភាគមួយរូប ដែលចោទគណបក្សកាន់អំណាចជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ឲ្យចូលខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ វេលាម៉ោង៩៖០០នាទីព្រឹក និងបង្គាប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហាមឃាត់ឈ្មោះ គឹម សុខ ជាជនសង្ស័យមិនឲ្យទៅក្រៅប្រទេស៕