(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ ប៊េវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា ​បញ្ជូន​​រថយន្ត​សម្អាតផ្លូវ​ ធុន​ធ្ងន់​ចំ​នួន​ពីរ​គ្រឿង​ ទៅ​​ក្រុង​កំ​ពង់​ចាម​ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ ដើម្បី​ជួយ​សម្អាត​ផ្លូវសំ​ខាន់ៗ​ក្នុ​ងក្រុង។

​លោក លាង ពៅ (ភីធើរ) អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ ប៊ែវើរីជីស លីមីតធីត​ ដែល​ផលិត​ស្រាបៀរកម្ពុជា​ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំ​ពុង​ពិ​ភាក្សា​​ជាមួយ​អាជ្ញាធរខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ទីរ​សាធារណការ និងដឹក​ជញ្ជួន​ខេត្តកំពង់​ចាម​ ​ដើម្បី​រៀប​ចំ​គម្រោងលម្អិត​សម្អាត​ផ្លូវ និងដើម្បី​ឲ្យអាជ្ញាធរ​ខេត្ត​ ជួយ​សម្របសម្រួល​ ពេល​សម្អាត​ផ្លូវ​ក្នុង​ក្រុង​។

លោក លាង ពៅ​ (ភីធើរ) បាន​បន្តទៀត​ថា ក្រុមហ៊ុន​នឹង​បញ្ជូន​រថយន្ត​ទាំង​ពីរ​នេះ ទៅសម្អាតផ្លូវ​ក្នុង​​ក្រុង​កំ​ពង់​ចាម ​ចំ​នួន​១៩ថ្ងៃ រួច​នឹង​​បន្ត​ដំ​ណើរ​ទៅ​សម្អាត​ផ្លូវ​​ក្នុង​ខេត្ត​ផ្សេងៗទៀត នៅ​​ប្រ​ទេស​កម្ពុជា​​ពេញមួយឆ្នាំ។ ​«គោល​ដៅ​របស់​យើង គឺ​សម្អាតផ្លូវ​ឲ្យ​បាន​គ្រប់​ខេត្ត​ក្រុង​ ដើម្បី​បរិស្ថាន​ស្អាត​ សុខ​ភាព​ល្អ​ទាំង​អស់​គ្នា»។ លោកថ្លែងបន្ថែម។

​រថ​យន្ត​សម្អាតផ្លូវ​ របស់​ស្រាបៀរកម្ពុជា ​មាន​សមត្ថភាព​បោស​​លាងសម្អាតផ្លូវ និង​បូម​ធូលី​​សើម​ពី​ផ្លូវ​បាន​យ៉ាង​ស្អាត។ រថយន្តនេះ​បាន​ចេញ​សម្អាតផ្លូវ​ម្តងហើយ​ នៅ​ខេត្ត​ព្រះ​សី​ហនុ ក្នុង​អំ​ឡុង​ពេល​បុណ្យ​សមុទ្រ​ កាល​ពី​ចុង​ឆ្នាំ​២០១៦។

​គួរ​បញ្ជាក់​ផងដែរថា យុទ្ធនាការ​សម្អាតផ្លូវ​​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស លីមីតធីត​ គឺ​ជា​ការ​ចូលរួម​ចំណែក​ថ្មីមួយទៀត ​​​​របស់​ក្រុមហ៊ុន ក្នុងការ​ជួយ​​អភិវឌ្ឍសង្គម ពិសេស​ផ្នែក​បរិស្ថាន។ កន្លងមក​ក្រុមហ៊ុន ​ក៏​ធ្លាប់​ទទួលបាន​​លិខិត​សរសើរ​ ពី​ប្រ​សួង​បរិស្ថាន និង​វិញ្ញាបនបត្រ ​ISO ផ្នែក​ប្រ​ព័ន្ធគ្រប់​គ្រង​បរិស្ថាន​ ពី​ចក្រភពអង់​គ្លេស​ផងដែរ៕