(ភ្នំពេញ)៖ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិកកម្ចាត់ និងការពារជំងឺ (CDC) បានចុះកិច្ចព្រមព្រៀងចំនួនពីរ ជាមួយទីភ្នាក់ងារកូរ៉េសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (KOICA) ដើម្បីជួយដល់សកម្មភាព ក្រោមរបៀបវារៈសាកលលោក ស្តីពីសន្តិសុខផ្នែកសុខភាព (GHSA) នៅប្រទេសកម្ពុជា ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អាមេរិក បានគូសបញ្ជាក់ថា GHSA ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៤។ វាជាភាព ជាដៃគូមួយដែលកាន់តែរីកធំឡើង របស់អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រទេសជាង៥០ ដើម្បីជួយពង្រឹងសមត្ថភាព ប្រទេសទាំងនោះមានសុវត្ថិភាព និងសន្តិសុខចាកផុតពីការគំរាមកំហែង នៃជំងឺឆ្លង និងលើកកំពស់សន្តិសុខ នៃសុខភាព សាកលលោក យកធ្វើជាអាទិភាពជាតិ និងអាទិភាពសាកលលោក។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា ការជួយជាថវិការបស់ KOICA នឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញ តាមការប្តេជ្ញាចិត្តរបស់ខ្លួន ទាក់ទងនឹងការ គ្រប់គ្រងផ្នែកសុខាភិបាលជាអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការលើក កម្ពស់ការចាក់ថ្នាំ បង្ការការអភិវឌ្ឍ កម្លាំងការងារផ្នែកថែទាំសុខភាព និងការពង្រឹងមន្ទីរពិសោធន៍របស់ខ្លួន។

ភាពជាដៃគូរវាង KOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធានាថាកម្មវិធីជាតិផ្នែកចាក់ថ្នាំការពាររបស់ប្រទេសកម្ពុជាកាន់ តែអាចស្តុក និងចែកចាយវ៉ាក់សាំង និងចាក់ថ្នាំការពារដល់មនុស្សកាន់តែច្រើននៅតាមសហគមន៍ដែលមានការប្រឈមខ្លាំងនឹង ការឆ្លងជំងឺ។

KOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏នឹងធ្វើការជា មួយគ្នាផងដែរដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង កម្មវិធីបណ្តុះបណ្តាល តាមសាកលវិទ្យាល័យ និងការបណ្តុះបណ្តាលពេលបំពេញការងារ សំរាប់អ្នកធ្វើការតាមមូលដ្ឋាន ផ្នែកជំងឺរាតត្បាត។ ការខិតខំ ទាំងនេះនឹងធ្វើយ៉ាងណាអោយអ្នកជំនាញផ្នែកសុខភាពសត្វ និងសុខភាពសាធារណៈអាចបំពេញបានតាមបទដ្ឋានបច្ចេកទេស អន្តរជាតិ ហើយឆ្លើយតបប្រកបដោយប្រសិទ្ធភាព នៅក្នុងករណីមានការផ្ទុះឡើងនៃជំងឺ ដោយរួម ទាំងការផ្ទុះដែលអាចប៉ះពាល់ ដល់ទាំងសត្វ ទាំងមនុស្ស។

ភាពជាដៃគូរវាងKOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងជួយពង្រឹងប្រព័ន្ធមន្ទីរ ពិសោធន៍នៅទូទាំងប្រទេសដែលអាច រកឃើញភ្នាក់ងារបណ្តាលអោយមានជំងឺរាតត្បាត ព្រមទាំងអាចឆ្លើយតបនឹងការគំរាមកំហែងនៃភាពស៊ាំរបស់មេរោគ។

តាំងពីការចាប់ផ្តើមអនុវត្តច្បាប់គ្រប់គ្រងសុខភាពអន្តរជាតិ នៅឆ្នាំ ២០០៥ មករាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក រដ្ឋាភិបាលសហរដ្ឋអាមេរិក និងដៃគូអភិវឌ្ឍន៍ដទៃទៀតដើម្បីពង្រឹងសមត្ថភាពនៅក្នុង ការគ្រប់គ្រងឧប្បត្តិហេតុ និងព្រឹត្តិការណ៍សន្តិសុខផ្នែកសុខភាពធំៗ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉ែមានមោទនភាពនៅក្នុងការបន្តការជួយរបស់គេដល់ការខិតខំរបស់ប្រទេសកម្ពុជា ក្នុងការការពារតាមដាន និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះការគំរាមកំហែងនៃជំងឺរាតត្បាត និងបញ្ហាសន្តិសុខផ្នែកសុខភាព៕