(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ប៉ុន្មាននាទីមុននេះ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនិនាថ សីហនុ បានយាងទៅដល់ខេត្តសៀមរាបហើយ ដើម្បីគង់ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ផលិតដោយលោកស្រី Angelina Jolie ដែលនិយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម។ នេះបើតាមការឱ្យដឹងដោយ អាជ្ញាធរខេត្តសៀមរាប។

ក្នុងការយាងដល់ខេត្តសៀមរាបនេះ មានការទទួលយ៉ាងយកចិត្តទុកដាក់ទទួលបដិសណ្ឋាកិច្ច ដោយលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រីជាភរិយា ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកសភា ព្រឹទ្ធសភា មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទូទាំងខេត្តសៀមរាប។

សូមបញ្ជាក់ថា ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាតដឹកនាំ ផលិតដោយលោកស្រី Angelina Jolie ជាតារានិងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់​នៅលើវាលស្មៅ​នៃព្រះលានជល់ដំរី ខេត្តសៀមរាប រយៈពេល២ថ្ងៃ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ខ្សែភាពយន្តនេះ ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់​ដែលខ្សែភាពយន្តបានផ្តិត​យកទិដ្ឋភាពជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយ បានជាផលិតករភាពយន្ត សម្រេចចិត្ត ជ្រើសរើសយក​រមណីយដ្ឋាន​អង្គរជាទីតាំងចាក់បញ្ចាំងមុនដំបូងបំផុត ដែលជាពិធីសម្ពោធផ្លូវការមុន នឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាព​យន្តផ្សេងៗទៀត៕