(ភ្នំពេញ)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល បានថ្លែងថា ទំនិញខូចគុណភាព ចំនួន២,៥តោន ត្រូវបានមន្រ្តីរបស់លោក ដកហូតបាន នៅតាមច្រកព្រំដែន និងតាមផ្សារទូទាំងប្រទេស សម្រាប់ខែមករា ឆ្នាំ២០១៧នេះ។

ការថ្លែងបែបនេះ នៅពេលដែលលោក បានដឹកនាំមន្រ្តីចុះពិនិត្យមើលទំនិញ នៅផ្សារអូឡាំពិក នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ ដោយនាំយករថយន្តពិសោធន៍ចល័ត មកពិនិត្យនៅក្នុងផ្សារ។

លោកបានបញ្ជាក់ថា ទំនិញខូចគុណភាពដែលត្រូវដកហូតបាននោះ ត្រូវបានរក្សាទុក ដើម្បីរង់ចាំការដុតកម្ទេចចោលតែម្តង។

លោកបានថ្លែងអំពាវនាវដល់អាជីវករទាំងអស់ ត្រូវចូលរួម លើកកម្ពុស់សុវត្ថិភាពចំណីអាហារ ដោយមិនត្រូវទទួលទិញទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ មកលក់ដូរជូនប្រជាពលរដ្ឋនោះឡើយ ហើយសម្រាប់យុទ្ធនាការលុបបំបាត់ទំនិញទាំងនេះ មន្រ្តីរបស់លោកទូទាំងប្រទេស បាននិងកំពុងអនុវត្តជាប្រចាំផងដែរ។

សម្រាប់ការពិសោធន៍មុខទំនិញជិត១០០មុខ នាថ្ងៃនេះ ត្រូវបានលោក ម៉ក់ ពេជ្ជរិទ្ធ បញ្ជាក់ថា មានលទ្ធផលល្អប្រសើរដោយពុំមាន ទំនិញណាមួយ ខូចគុណភាព និងហួកកាលបរិច្ឆេទនោះទេ៕