(ភ្នំពេញ)៖ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាឧបត្ថម្ភ ២០លានរៀល ដល់អង្គការគ្រួសារថ្មី និង ២០លានរៀលទៀត ដល់អង្គការសង្គ្រោះ​ជនអស់សង្ឃឹម ដែលជាថវិកា​សម្រាប់ឆ្នាំ ២០១៧។

នៅក្នុងឱកាសប្រគល់ថវិកានោះនារសៀលថ្ងៃទី១៥ ខែកុម្ភ:​ ឆ្នាំ២០១៧ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទ​ក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានដល់ ចៅៗ និងក្មួយៗ​ទាំងអស់​ ដែលកំពុងស្នាក់នៅ និងទទួលការអប់រំនៅក្នុងអង្គការទាំងពីរនេះ​ ព្រមទាំងបានលើកទឹកចិត្តដល់ក្មួយៗ ឲ្យខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាសសរទ្រូងសម្រាប់ប្រទេសជាតិនៅថ្ងៃអនាគត។

តំណាងអង្គការទាំងពីរ ដែលមកទទួលថវិកា​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ រាល់បញ្ហាដែល​ប្រជាពលរដ្ឋ​ងាយរងគ្រោះកំពុងជួបប្រទះនូវការលំបាក​ ពិសេស ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ដី្រមេម៉ាយ និងអ្នករស់នៅជាមួយ​មេរោគអេដស៍ជាដើម​ ។ល។​ បន្ថែមពីលើការឧបត្ថម្ភថវិកាប្រចាំឆ្នាំនេះ កាកបាទក្រហមកម្ពូជា​ ក៏បានឧបត្ថម្ភជាស្បៀង សម្ភារប្រើប្រាស់​ និងបានរៀបចំអាហារសាមគ្គី ដើម្បីបង្កភាពកក់ក្កៅដល់ ចាស់ៗគ្មានទីពឹង ក្មួយៗកុមារ និងបុគ្គលិករបស់អង្គការថែមទៀតផង​ ។

សូមរំលឹកផងដែរថា នេះជាឆ្នាំទី៩ ហើយដែលកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់អង្គការគ្រួសារថ្មី និងជាឆ្នាំទី៧ ដែលបានឧបត្ថម្ភ សម្រាប់អង្គការសង្គ្រោះជនអស់សង្ឃឹម៕