(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ ដែលបានចោទប្រកាន់​សម្តេចតេជោ ហ៊ុន សែន ខុសការពិត ហើយរងការប្តឹងពីសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន២ករណីនោះ បានទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៩៖៣០នាទីព្រឹកនេះ ដើម្បីស្នើសុំពន្យាពេលចូលបំភ្លឺ។

លោក គឹម សុខ បានសរសេរនៅលើ Facebook របស់លោកនាព្រឹកថ្ងៃនេះថា «ព្រឹកនេះម៉ោង៩៖៣០ ខ្ញុំនឹងទៅដល់​អយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើពន្យាពេលចូលឆ្លើយបំភ្លឺ ដោយមូលហេតុមិនទាន់​បានពឹងពាក់​មេធាវីនៅឡើយ។ ប៉ុន្តែខ្ញុំមិនដូរជំហរទេ៖ ១. មិនគេចខ្លួនទៅក្រៅប្រទេស និងនៅតតាំង​នឹងបណ្ដឹងរបស់​គណបក្សប្រជាជនកម្ពុជានៃសម្ដេច ហ៊ុន សែន តាមផ្លូវតុលាការ។ ២. មិនដូរដាច់ខាតនូវជំហរអត្ថាធិប្បាយ រឿងសង្គម​និងនយោបាយ ទោះមានបណ្ដឹង១០០ទៀត ត្រូវគេដាក់ទម្លាក់សង្កត់លើខ្ញុំក៏ដោយ»

លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងលោក គឹម សុខ មួយករណីទៀត បន្ទាប់លោក គឹម សុខ បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយរកមុខឃាតកមិនឃើញ។

លោកមេធាវី គី តិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលសិទ្ធិពីសម្តេចតេជា ហ៊ុន សែន ក្នុងនាមប្រមុខ រាជរដ្ឋាភិបាល ដាក់ពាក្យបណ្តឹងលោក គឹម សុខ មួយករណីទៀត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការចោទប្រកាន់រដ្ឋាភិបាល បង្កើតជាប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស, ពាក្យបណ្តឹងនឹងដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក»

លោក គឹម សុខ បាននិយាយនៅវិទ្យុអាស៊ីសេរីក្នុងកិច្ចសម្ភាសន៍មួយនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧យ៉ាងដូច្នេះថា «គេនេះគឺសំដៅទៅលើប្រព័ន្ធ.... ប្រព័ន្ធមួយក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិមុនៗ....»

សូមជំរាបថា ព្រះរាជអាជ្ញាបានចេញដីកាកោះហៅលោក គឹម សុខ អ្នកវិភាគមួយរូបដែលចោទគណបក្សកាន់អំណាចជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ឲ្យចូលខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ វេលាម៉ោង៩៖០០នាទីព្រឹក និងបង្គាប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហាមឃាត់ឈ្មោះ គឹម សុខ ជាជនសង្ស័យមិនឲ្យទៅក្រៅប្រទេស៕