(ភ្នំពេញ)៖ លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមប្រតិភូ វិនិយោគចិនចំនួន ១៧រូប បានចូលជួបសម្ដែងការគួរសមជាមួយលោក ​និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នៅទីស្តីការក្រសួង ទេសចរណ៍ ដើម្បីរាយការណ៍ជូនអំពីគម្រោងវិនិយោគដ៏ធំ ទាក់ទងនឹងវិស័យទេសចរណ៍នៅកម្ពុជា។

លោក ថោង ខុន បានជម្រាបជូនគណៈប្រតិភូចិន អំពីសភាពការណ៍រីកចម្រើននៅកម្ពុជា​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ។

លោក ថោង ខុន បានឲ្យដឹងថា «ឆ្នាំ២០១៦ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥លាននាក់ កើនឡើង៥ភាគរយ ធៀបនឹងឆ្នាំ២០១៥ ក្នុងនោះទទួលបានទេសចរចិនចំនួន ៨៣ម៉ឺននាក់ ស្ថិតក្នុងលំដាប់ទី២ នៃទីផ្សារទេសចរសំខាន់ៗ ទាំង១០»។ តាមការព្យាករណ៍ ឆ្នាំ២០២០ កម្ពុជានឹងអាចទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ និងទាក់ទាញទេសចរចិន ឲ្យបានយ៉ាងតិច ២លាននាក់។

លោករដ្ឋមន្រ្តីបានបន្តថា ដើម្បីសម្រេចតាមផែនការនេះ ក្រសួងទេសចរណ៍បានរៀបចំ នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ និងបានដាក់ចេញ នូវផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍កម្ពុជា។ ចំពោះទីផ្សារទេសចរចិន ក្រសួងក៏បាន ត្រៀមលក្ខណៈ រួចជាស្រេច ក្នុងការទទួលទេសចរចិន និងអ្នកវិនិយោគចិន ដោយបានដាក់ចេញ នូវផែនការយុទ្ធសាស្រ្ត ទាក់ទាញទេសចរចិន និងសៀវភៅសស្តីពី China Ready។

ជាងនេះទៀត ដើម្បីទាក់ទាញទេសចរអន្តរជាតិ ឲ្យមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ទាមទារឲ្យមានការបង្កើតនិងអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ថ្មីៗ ជាច្រើនទៀត ហើយការងារនេះ ចាំបាច់ត្រូវមានការវិនិយោគពីបរទេស ពិសេសពីប្រទេសចិន លើវិស័យ ទេសចរណ៍ ដូចជា មណ្ឌលកម្សាន្តទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ រីហ្សត ភោជនីយដ្ឋាន កន្លែងទិញទំនិញ (Shopping) មធ្យោបាយដឹកជញ្ជូនទេសចរណ៍ អាកាសយានដ្ឋានអន្តជាតិ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាច្រើនទៀត ធ្វើយ៉ាងណា ទាក់ទាញទេសចរឲ្យស្នាក់នៅបានយូរ ចាយច្រើន និងមកទស្សនាច្រើនដង។ ទេសចរអន្តរជាតិដែលមកកម្ពុជា គេចង់ចាយវាយច្រើន តែកន្លែងខ្លះ គឺយើងនៅពុំទាន់មានលទ្ធភាពទាក់ទាញទេសចរឲ្យចាយច្រើននៅឡើយ។ ក្រសួងទេសចរណ៍ក៏បានបង្ហាញជូនគណៈប្រតិភូចិន អំពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកំពត ផងដែរ។

គណៈប្រតិភូចិនបានស្នើសុំក្រសួងទេសចរណ៍ចំនួន ៣ចំណុច រួមមាន ទី១៖សូមការគាំទ្រចំពោះគម្រោងវិនិយោគទេសចរណ៍នៅកម្ពុជា, ទី២៖សូមអញ្ជើញលោករដ្ឋមន្រ្តី និងប្រតិភូទៅចូលរួមសន្និសីទទេសចរណ៍ពិភពលោក នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ និងទី៣៖សូមអញ្ជើញលោករដ្ឋមន្រ្តី ធ្វើជាប្រធានកិត្តិយសនៃសហព័ន្ធអន្តរជាតិអភិបាលក្រុង។  

ជាការឆ្លើយតប លោក ថោង ខុន បានសម្ដែងនូវសេចក្តីរីករាយ និងសូមគាំទ្រចំពោះគម្រោងវិនិយោគដ៏ធំរបស់ចិន ហើយលោកក៏ បានអំពាវនាវដល់ក្រុមវិនិយោគចិន ធ្វើការឲ្យបានជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជំរុញនិងអនុវត្តគម្រោង វិនិយោគវិស័យទេសចរណ៍ នៅកម្ពុជាឲ្យទទួលបានជោគជ័យ ហើយរាល់គម្រោងវិនិយោគ គឺត្រូវធានា និងគោរពឲ្យបាននូវ គោលការណ៍បរិស្ថាន ភាពស្អាត និងបៃតង ដើម្បីធ្វើឲ្យកម្ពុជាក្លាយជា គោលដៅទេសចរណ៍លំដាប់ពិភពលោក ប្រកបដោយភាព ទាក់ទាញ ភាពស្អាត និងបៃតង។

លោករដ្ឋមន្រ្តីក៏បានឯកភាពទៅចូលរួមសន្និសីទទេសចរណ៍ពិភពលោក នៅទីក្រុងប៉េកាំង នាចុងខែឧសភា ឆ្នាំ២០១៧ ខាងមុខ ផងដែរ ដោយស្នើឲ្យភាគីចិនផ្តល់លិខិតអញ្ជើញ ដើម្បីក្រសួងស្នើសុំគោលការណ៍អនុញ្ញាត ពីរាជរដ្ឋាភិបាលជាមុនសិន៕